ឯកឧត្តមបណ្ឌិត ចាយ បូរិន ៖ ជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងអនុវត្តទម្រង់ពិធីកម្មនានា ឲ្យបានត្រឹមត្រូវតាមក្បួនតម្រាច្បាប់ពីបុរាណ
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥២) ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងអនុវត្តទម្រង់ពិធីកម្មនានា ឲ្យបានត្រឹមត្រូវតាមក្បួនតម្រាច្បាប់ពីបុរាណ ។
ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមមត៌កដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដ និយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរនេះ អាច ប្រព្រឹត្តឡើងទៅបានដោយភាពរលូន និងជាបន្តបន្ទាប់ គឺអាស្រ័យដោយព្រះរាជា ណាចក្រកម្ពុជាយើង ជាប្រទេសដែលមានស្ថិរភាពនយោបាយ មានសិទ្ធិសេរី ភាពខាងជំនឿសាសនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងបរិការណ៍នេះ ការតម្រង់ទិស តាមរយៈការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរ ទើបជាយន្តការចាំបាច់ និងមានសារៈសំខាន់ណាស់ សម្រាប់ឱ្យ ការរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ មានភាពរលូន អនុលោមតាមក្បួន តម្រាពីបុរាណ និងឯកសារដែលមាននៅសេសសល់ ហើយក៏ដើម្បីធានាដល់ ការអភិរក្ស និងអភិវឌ្ឍប្រពៃណីទំនៀមទម្លាប់មរតកដូនតាយើងឱ្យបានគង់វង្ស និងមានគុណភាព ដើម្បីដឹកនាំពិធីបុណ្យ តាមបែបព្រះពុទ្ធសាសនាផង និងទំនៀមទម្លាប់ពីបុរាណផង ព្រោះពិធីទាំងនេះ ចាំបាច់ទាមទារឱ្យមានបណ្ឌិតជន អ្នកចេះដឹងជួយដឹកនាំដល់សាធារណជន ឱ្យ អនុវត្តបានត្រឹមត្រូវ លើគោលឯកភាពគ្នាមួយ ហើយអ្នកចេះដឹងនោះ លោកហៅថា “អាចារ្យ”។
ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានរំលឹកផងដែលថា ឫសគល់បញ្ញវ័ន្ត អ្នកប្រាជ្ញ បណ្ឌិត ដែល ជាអ្នកចេះដឹង មិនថាជាព្រះសង្ឃឬគ្រហស្ថ អាចារ្យ អាចារិនី រួមទាំង ប្រជាពលរដ្ឋទូទៅ ត្រូវបានធ្វើគត់ កាប់សម្លាប់គ្មានត្រាប្រណីនៅក្នុងរបបខ្មែរក្រហម ប៉ុន្តែ ក្រោយពីប្រទេសជាតិនិងប្រជាជន ត្រូវបានរំដោះពីនឹមប្រល័យ ពូជសាសន៍ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងព្រះពុទ្ធសាសនា ពាហិរសាសនា ប្រពៃណី ទំនៀមទម្លាប់ ត្រូវបានស្ដារឡើងវិញពីចំណុចសូន្យ។ ក្រោម នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល គ្រប់នីតិកាល នៃរដ្ឋសភា គ្រប់វិស័យត្រូវបានស្ដារនិងអភិវឌ្ឍ រហូតធ្វើឱ្យមាន ការរីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។
រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្ថិតនៅបញ្ចកោណ ទី១ មុំទី៥ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ ចេញនូវយុទ្ធសាស្រ្តចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំខាងមុខ ២០២៤- ២០២៨ រួមមាន៖ ១. ការលើកកម្ពស់សាសនារបស់រដ្ឋ ,២. ការលើកកម្ពស់សីលធម៌សង្គម ,៣. ការរក្សាសុខដុមនីយកម្មសាសនា, ៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និង ៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានប្រគេននិងជូនដល់សិក្ខាកាមអាចារ្យ និងអាចារិនីក្នុងវគ្គទី៥២នេះ នៅអនុសាសន៍ ដូចខាងក្រោម៖
១. អាចារ្យត្រូវគោរពតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបាន សិក្សាឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។
២. ត្រូវធ្វើជាគំរូក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់រដ្ឋ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់អំពើហិង្សា គ្រប់ រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូល្អដល់យុវជនជំនាន់ ក្រោយ។
៣. ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទ ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍ កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
៤. ត្រូវចូលរួមរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្ត ស ៣ គឺ៖ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ ដើម្បីឱ្យស័ក្តិសមជាទីសក្ការៈនិងជារមណីយ ដ្ឋាន ផ្តល់ទាំងសេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
៥. ត្រូវប្រកាន់ភ្ជាប់នូវគុណសម្បត្តិនៃឧបាសក ឧបាសិកា ឬអាចារ្យ អាចារិនីរតនៈ ៥ប្រការ។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥២) ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២២៤ អង្គ/នាក់ក្នុងនោះព្រះសង្ឃ៣៧អង្គ និងស្រ្តី៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ៕




