ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាត ហុងស៊ុយអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “អនុភាពដ៏អស្ចារ្យ នៃសមតុល្យរបស់ឋាមពល យិន និងយ៉ាង ” ដែលរៀបចំឡើងដោយ សមាគមហុងស៊ុយ អន្តរជាតិឆែបទ័រ ប្រចាំប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ប្រធាន-អនុប្រធាន សមាគម ហុងស៊ុយអន្តរជាតិ IFSA , ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណ៥០០នាក់ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ជាកិច្ចចាប់ផ្តើម ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី អគ្គនាយិកា ក្រុមហ៊ុនម៉ាស្ទ័រណាលីហុងស៊ុយ និងជាប្រធានសមាគមហុងស៊ុយ អន្តរជាតិ ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវសេចក្តីរីករាយក្រៃលែង ដែលមានកិត្តិយសបានទទួលសូមស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងពិធីបើកសន្និបាតហុងស៊ុយអន្តរជាតិ ឆ្នាំ២០២៥នេះ។
ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងតែផ្តោតកិច្ចសហការ ជិតស្និតជាមួយដៃគូអភិវឌ្ឍ ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា មានតួនាទីភារកិច្ចទទួលខុសត្រូវលើការប្រតិបត្តិជំនឿ និងសាសនា របស់ប្រជាជន ជាពិសេសគ្រប់គ្រងដឹកនាំ រាល់ការអនុវត្តសកម្មភាពរបស់អង្គការ សមាគម ដែលមានចរិតសាសនាដែលកំពុងធ្វើសកម្មភាព ដោយគ្មានការរើសអើង ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្មជំនឿ និងសាសនានៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានកោតសរសើរនិងថ្លែងអំណរគុណដល់ ក្រុមហ៊ុន យិន ផារ៉ាដាយ ក្រោមការដឹកនាំរបស់ ឧកញ៉ាសាស្តាចារ្យ ឡុង ណាលី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនជាមួយក្រសួងធម្មការនិងសាសនា បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឧបត្ថ ម្ភគាំទ្រដល់កងទ័ពជួរមុន បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសកម្មភាពនេះ ចូលរួមជាមួយក្រសួងធម្មការនិងសាសនា ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសុខដុមរមនា។
ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ជឿជាក់ថា ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី ដែលជាប្រធានសមាគម ហុងស៊ុយអន្តរជាតិ ប្រចាំប្រទេសកម្ពុជា នឹងជួយជំរុញធ្វើយ៉ាងណាឱ្យវិស័យហុងស៊ុយនៅកម្ពុជា ដែលជាវិជ្ជាហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលមានក្បួនខ្នាតត្រឹមត្រូវ ហើយមានការទទួលស្គាល់ ស្តង់ដារ គុណភាពជាលក្ខណៈអន្តរជាតិ កាន់តែមានការទទួលស្គាល់ មានស្តង់ដារ និងមានក្រមសីលធម៌ត្រឹមត្រូវ និងបណ្តុះបណ្តាល អ្នកជំនាញហុងស៊ុយ (ចិនសែ) នៅប្រទេសកម្ពុជាយើង ដោយមានការសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផលិតបាននូវមូលធនមនុស្ស មានចំណេះ ជំនាញយ៉ាងពិតប្រាកដ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងគុណធម៌។
ឧកញ៉ា ឡុង ណាលី បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីថា សមាគម ហុងស៊ុយអន្តរជាតិ IFSA បង្កើតឡើងក្នុងគោលបំណងច្បាស់លាស់ និងប្រកបដោយស្មារតីម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល ការវាយតម្លៃលើវគ្គសិក្សា ការជួយបង្កើនស្តង់ដារវិជ្ជាជីវៈ ពង្រឹងភាពជឿជាក់ និងជំរុញការអនុវត្តហុងស៊ុយប្រកបដោយ ក្រមសីលធម៌ និងសមត្ថភាពនៅក្នុងសហគមន៍ហុងស៊ុយពិភពលោក និងមានវិន័យច្បាស់លាស់។
ជាមួយនឹងបេសកម្មរបស់សមាគមហុងស៊ុយអន្តរជាតិ IFSA-Cambodia Chapter ប្រចាំ ប្រទេសកម្ពុជា ក៍បានចូលរួមចំណែកសម្រាប់កិច្ចអភិវឌ្ឍការយល់ដឹងរបស់ប្រជាជន ដោយពួតដៃសហការជាមួយក្រុមហ៊ុន Ways Fengshui Group ដែលជាក្រុមហ៊ុនហុងស៊ុយឈានមុខគេរបស់ប្រទេសសិង្ហបុរី ដោយបង្ហាត់បង្រៀនវគ្គជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រសំខាន់ៗ នឹងបន្ត បេសកម្មទៅមុខទៀតគឺផ្តោតលើ៖
-ការរៀបចំស្តង់ដារ អ្នកជំនាញហុងស៊ុយ (ចិនសែ) តាមរយៈការបង្កើតក្បួនច្បាប់គ្រប់គ្រងឲ្យមានក្របខណ្ឌត្រឹមត្រូវ។
-ពង្រឹងសមត្ថភាព អ្នកជំនាញហុងស៊ុយ (ចិនសែ) ឲ្យទទួលបានចំណេះជំនាញយ៉ាងពិតប្រាកដ ប្រកាន់ ភ្ជាប់នូវក្រមសីលធម៌ និងគុណធម៌ ដើម្បីជួយជម្រុញ និងមុខមាត់សង្គមជាតិកម្ពុជាយើងឲ្យកាន់តែមាន ភាពរីកចម្រើន ៕



