ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ៖ រដ្ឋាភិបាលឧបត្ថម្ភថវិកាប្រចាំខែជូនយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដូនតា។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ លើកទឹកចិត្ត ដល់យុវជន ជាពិសេសពលករដែលត្រឡប់ពីប្រទេសថៃ ងាកមកចាប់អារម្មណ៍ជំនាញវិជ្ជាជីវៈដូនតាដែលរដ្ឋាភិបាលកំពុងផ្តល់ជូន ព្រោះថាជំនាញនេះ និងអាចបង្កើនប្រាក់ចំណូល ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា។
ឯកឧត្តមបណ្ឌិតបន្តថា ការចុះឈ្មោះរៀនជំនាញដូនតានេះ រដ្ឋាភិបាលជួយទាំងស្រុងដោយមិនមានការបង់ថ្លៃសិក្សានោះទេ, បន្ថែមលើនេះ យុវជនដែលមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារងាយរងហានិភ័យ និងទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ខែ ២៨ ម៉ឺនរៀល ពីរាជរដ្ឋាភិបាលថែមទៀត។
សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។
បើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៧ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។
សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ៖ ០១៧ ៤៣១ ៣០២ / ០៨៨ ៨៥៣ ៥៦៣៦ / ០៩៦ ៥២២ ៧៣៦៩។
Telegram: 0១៧ ៤៣ ១៣ ០២
អ៊ីម៉ែល: tstmcfa@gmail.com ឬ
Facebook: កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ៕