ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ឆ្នាំនេះ ភ្ជាប់ជាមួយ នឹងការបរិច្ចាគឈាមពីសប្បុរសជន

យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥នេះ ចាប់ផ្តើមឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ដោយនៅក្នុងយុទ្ធនាការនេះដែរ ក៏មានការផ្សព្វផ្សាយ ពីការបរិច្ចាគឈាម ដើម្បីយកទៅសង្គ្រោះជីវិតកុមារនៅតាមមន្ទីរពេទ្យ។ នេះជាការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ គាំពារសង្គម ដែលបានប្រាប់អ្នកសារព័ត៌មាន នៅក្រោយពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកដី មុនពេលពិធីបើកយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ប្រារព្ធធ្វើឡើងនៅបរិវេណស្តូបលោកយាយពេញ វត្តភ្នំ នៅថ្ងៃទី១ ខែមិថុនាស្អែកនេះ។
ឯកឧត្តម ថ្លែងថា «ប្រជាពលរដ្ឋអាចចូលរួមបរិច្ចាគទាំងថវិកា និងបរិច្ចាគឈាម ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា និងជួយសង្គ្រោះទារកកុមារកម្ពុជា»។

យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ឆ្នាំ២០២៥ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ធ្វើឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នេះជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ជាមួយគ្នានេះ ក៏ដើម្បីផ្សារភ្ជាប់ និងបង្កើនសកម្មភាពចូលរួមរបស់សាធារណជន សប្បុរសជន ដើម្បីជួយសង្គ្រោះកុមារដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងក្នុងរាជធានីភ្នំពេញ និងសៀមរាប។

ឯកឧត្តម ចន ណារិទ្ធ បានថ្លែងថា «មន្ទីរពេទ្យគន្ធបុប្ផា ពិតជាត្រូវការចាំបាច់នូវការចូលរួមគាំទ្រពីសាធារណជន។ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការរបស់រដ្ឋតែមួយគត់ គឺជាមូលនិធិរបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់គ្នា ដែលបង្កើតឡើង ដើម្បីជាយានផង ជាថ្នាលផង ដើម្បីទទួលទឹកចិត្តសប្បុរសធម៌របស់សាធារណជនទាំងអស់នៅទូទាំងប្រទេស ខណៈតម្រូវការនៅមានទំហំធំនៅឡើយ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា»។

សូមបញ្ជាក់ កាលពីឆ្នាំ២០២៤ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រមូលថវិកាបានសរុប៣,៣លានដុល្លារ សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា គ្រាដែលគិតជាមធ្យមទៅលើការចំណាយប្រមាណ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណីប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង។

ដើម្បីចូលរួមគាំទ្រយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ, សាធារណជនអាចចូលរួមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង១៦ ដែលជាដៃគូរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំង១៦ ដែលជាដៃគូ៕