ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវត្តីរាជវារាម

រាជធានីភ្នំពេញ÷នាព្រឹកថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និង លោកជំទាវ ប៉ាន់ ត្រាប្រណី រួមទាំងអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។ អញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះគ្រូសូត្រស្តាំ និងថេរានុថេរគ្រប់ព្រះអង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម ព្រមសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។
ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំ ដែលបងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តានរួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះឯកឧត្តមប្រតិភូអមនាយករដ្ឋមន្ត្រីនិងលោកជំទាវព្រមទាំងមន្ត្រីក្រោមឱវាទបានប្រគេនយាគូដល់ព្រះសង្ឃ ៤៤៧អង្គ និង នមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លង ជាកិច្ចបញ្ចប់ពិធីបុណ្យ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងសហការី បានចែកទានដល់លោកតាអាចារ្យ យាយជី តាជី ចំនួន ៣០ រូប និងសិស្ស-និស្សិតចំនួន ២០រូប។ ពិធីបុណ្យកាន់បិណ្ឌនេះ ធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធមន្ត្រីរាជការ គយនិងរដ្ឋាករដែលបានចែកឋានទៅកាន់បរលោក និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែល បានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិមុខ ព្រមទាំងញាតិទាំង ៧សណ្តាន និងតំណ ញាតិច្រើនមហាកប្បនោះផងដែរ។




