ឯកឧត្តមបណ្ឌិត ខាន់ ខុន ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ អណ្តូងស្នប់អាហ្វ្រ៊ីដេស ចំនួន១៥ អណ្តូង៖ “ទឹកគឺជាជីវិត” ព្រោះមនុស្សគ្រប់រូបត្រូវការ

ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាប្រធានសមាគមគ្រីស្ទ បរិស័ទក្នុងសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និង លោកជំទាវ ខឹម បុប្ផា ទីប្រឹក្សាក្រសួងធម្មការនិងសាសនា ជានាយិកា ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត ឯ.ក អមដំណើរដោយក្រុមការងាររបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ត្តោភាព និងអាជ្ញាធ័រមូលដ្ឋាន បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះប្រគល់អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេស ចំនួន១៥អណ្ដូង ដល់សហគមន៍ដែលខ្វះខាតទឹកប្រើប្រាស់នៅខេត្តចំនួនពីរ គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ខ្នាតធំអាហ្វ្រ៊ីដេសចំនួន១៥អណ្តូង ឯកឧត្តមបណ្ឌិត ខាន់ ខុន បាននាំយកមតិផ្តាំផ្ញើ និងការសួរសុខទុក្ខ ពី ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ទីជនបទក្នុងខេត្តទាំងពីរខាងលើ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ។ ដោយ ឯកឧត្តមបណ្ឌិតបានលើកឡើងថា ឯកឧត្តមបណ្ឌិត ចាយ បូរិន តែងតែយកចិត្តទុកដាក់ចំពោះ គ្រប់សាសនិកនៃសាសនាទាំងអស់ ហើយលោកចង់ឃើញគ្រប់គ្នារស់នៅមានសុខដុមរមនាជាមួយគ្នាព្រោះគ្រប់គ្នាជាខ្មែរតែមួយ និងរស់នៅលើទឹកដីតែមួយ។
ក្រៅពីការនោះ ឯកឧត្តមបណ្ឌិត អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា ក្រោយពីចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីប្រទេសថៃ តាមសំណើរបស់ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ដោយមានវត្តមានតំណាង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពី ឯកឧត្តម នាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ និងប្រកាន់យកការដោះស្រាយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយដោយសន្តិវិធី និងរក្សាឲ្យបាននូវដែនអធិបតេយ្យភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ ក្នុងបរិបទនេះឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្ត និងរំលឹកដាស់តឿនដល់គ្រីស្ទបរិស័ទគ្រប់គ្នា ថាត្រូវតែទុកចិត្តលើសម្តេចទាំងពីរ គឺសម្តេចបវរធិបតី និងសម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល សម្រាប់ការដោះស្រាយបញ្ហាព្រំដែននេះ ហើយឱ្យគ្រប់គ្នាត្រូវតែរួមសហការណ៍ឱ្យល្អ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា “ទឹកគឺជាជីវិត” ព្រោះមនុស្សគ្រប់រូបត្រូវការទឹក ដូច្នេះ ការផ្តល់ទឹកគឺមានសារសំខាន់ណាស់សម្រាប់សហគមន៍នៅតាមទីជនបទដែលមិនទាន់មានប្រព័ន្ធទឹកស្អាតទៅដល់ ហើយការផ្តល់អណ្តូងទឹក គឺជាការរួមចំណែកមួយជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជនបទ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ។ ដូច្នេះ ឯកឧត្តបណ្ឌិតបានទទូចសុំហើយទទូចសុំទៀត សូមឱ្យប្រជាពលរដ្ឋដែលទទួលប្រយោជន៍ពីអណ្តូងទឹកនីមួយៗរួមគ្នាថែរក្សាអណ្តូងនោះឱ្យបានល្អ និងគង់វង្សនៅយូរអង្វែង។
ឯកឧត្តមបណ្ឌិត ខាន់ ខុន បានលើកឡើងថា សមិទ្ធផលជាអណ្តូងទឹកដ៏មានតម្លៃទាំងអស់នេះនឹងមិនអាចកើតឡើងបានទេ បើគ្មានការរួមចំណែកយ៉ាងសកម្ម និងការគាំទ្រអស់ពីដួងចិត្តរបស់ គ្រីស្ទបរិស័ទ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា គ្រីស្ទបរិស័ទ នៅតាមបណ្តាប្រទេសនានា ដែលជួយគាំទ្រដល់ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព តាមរយៈការអធិដ្ឋាន ទូលសូម ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ឱ្យព្រះអង្គប្រទានពរនូវថវិកាសម្រាប់ការកសាងអណ្តូងទឹកទាំងនេះ។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថាដោយការទតឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ទីជនបទ នោះព្រះអម្ចាស់យេស៊ូវបានឆ្លើយតបនូវរាល់ការអធិដ្ឋានទាំងនោះដោយព្រះអង្គបានប្រទានពរជាថវិកាតាមរយៈ អង្គការ ចយ មែយឺ (Joyce Meyer Ministries) គម្រោង ដៃនៃសេចក្តីសង្ឃឹម (Hand of Hope) និងអង្គការ រិ ឡឺ វឺន អិក ស្ពី ឌី ហ្សិនស៍ (Relevant Expeditions) ។
អណ្តូងទាំង១៥កន្លែងនោះ ស្ថិតនៅទីតាំងដូចខាងក្រោម៖
១. ឃុំសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
២. ឃុំ អូរវ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
៣. ឃុំ អន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
៤. ឃុំ អន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
៥. ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
៦. ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ
៧. ឃុំម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ
៨. ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៩. ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
១០. ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
១១. ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ
១២. ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ
១៣. ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ
១៤. ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
១៥ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ខាន់ ខុន បានបញ្ជាក់ប្រាប់ថា ចាប់ពីឆ្នាំ២០១៣ រហូតមកដល់ថ្ងៃនេះ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ដែលដើមឡើយ មានឈ្មោះថា សមាគមបេសកកម្មដំណឹងល្អ បានសាងសងអណ្តូងទឹកខ្នាតធំអាហ្វ្រ៊ីដេសនេះបានជាង ៧០០អណ្តូងរួចមកហើយ នៅទាំង ២៤ខេត្ត នៃព្រះរាជាណាកម្ពុជា៕