ឯកឧត្តមបណ្ឌិត កៅ ថាច ៖ «គ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសយើងបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់ — ចូរចាត់ទុកអតីតកាលជាមេរៀន​ ថ្ងៃនេះជាការបើកទំព័រថ្មីនៃជោគវាសនា»

ស្រុកខ្សាច់កណ្តាល, ខេត្តកណ្តាល  ថ្ងៃទី០១​ ខែវិច្ឆិកា​  ឆ្នាំ២០២៦, នៅក្នុងបរិយាកាសពោរពេញដោយក្តីសង្ឃឹម និងថាមពលថ្មី​របស់សិស្សានុសិស្ស​ និងលោកគ្រូអ្នគ្រូ​  ​ឯកឧត្តមបណ្ឌិត កៅ ថាចបានថ្លែងសារដាស់តឿន និងបំផុសទឹកចិត្តយ៉ាងមានអត្ថន័យជ្រាលជ្រៅទៅកាន់សិស្សានុសិស្សថា ៖ «សូមប្អូនៗចាត់ទុកអតីតកាលជាមេរៀន​  ត្រឹមថ្ងៃនេះតទៅជាការបើកទំព័រថ្មីនៃសៀវភៅផ្នត់គំនិត ចំណេះដឹងដែលនឹងកំណត់ជោគវាសនាខ្លួនឯងទៅថ្ងៃអនាគត ពីព្រោះគ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសប្អូនៗបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់»។ 

ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត បានអញ្ជើញជាអធិបតីក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

ឆ្លៀតក្នុងឱកាសនោះ,  ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហើយ លោក តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងបានចង្អុលបង្ហាញឱ្យរៀបចំវគ្គបំប៉នសមត្ថភាពបន្ថែមជាប្រចាំនៅតាមមូលដ្ឋាន ដើម្បីជួយសិស្សានុសិស្សក្នុងស្រុកខ្សាច់កណ្តាលឱ្យទទួលបានលទ្ធផលនិទ្ទេស A កាន់តែច្រើនលើសលប់។

បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ៖

«សាលារៀនស្អាត ឬអគារសិក្សាទំនើប មិនមែនជាកត្តាតែមួយគត់ក្នុងការកំណត់អនាគតរបស់ក្មួយៗនោះឡើយ ប៉ុន្តែក្តីសង្ឃឹម ការតាំងចិត្ត និងការជឿជាក់លើខ្លួនឯងរបស់ក្មួយៗទៅវិញទេ ដែលជាអនាគតពិតប្រាកដ​ និងរបស់ប្រទេសជាតិ។ ដើម្បីឈានទៅសម្រេចបានលទ្ធផលឆ្នើម និងនិទ្ទេស A យើងត្រូវហ៊ានកំណត់គោលដៅ ផ្តល់ទំនុកចិត្តឱ្យខ្លួនឯង ហើយដាច់ខាតកុំបោះបង់ក្តីសង្ឃឹមឱ្យសោះ។»

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានរំលឹកដល់សិស្សានុសិស្សថា ភាពពូកែឆ្លាតវៃ​ និងភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យ ឬឯកឯងនោះទេ គឺទាមទារនូវការលះបង់ ការប្រឹងប្រែង និងវិធីសាស្ត្រសិក្សាស្រាវជ្រាវត្រឹមត្រូវជាប្រចាំ។ ក្នុងនោះ ឯកឧត្តមបានលើកទឹកចិត្តឱ្យសិស្សានុសិស្សយកពុទ្ធឱវាទនៃអង្គ ៤ គឺ «សុ ចិ បុ លិ» មកធ្វើជាត្រីវិស័យប្រចាំជីវិត ៖

1. សុ (សុណេយ្យ) ៖ ស្ដាប់ដោយយកចិត្តទុកដាក់

2. ចិ (ចិន្តេយ្យ) ៖ គិតត្រិះរិះពិចារណាឱ្យស៊ីជម្រៅ

3. បុ (បុច្ឆេយ្យ) ៖ សួរដេញដោលនូវរាល់ចម្ងល់

4. លិ (លិខេយ្យ) ៖ កត់ត្រាទុកជាចំណេះដឹង

ទន្ទឹមនឹងនេះ ប្អូនៗត្រូវមានសេចក្តីក្លាហាន កុំខ្មាសអៀនក្នុងការសាកសួរលោកគ្រូ អ្នកគ្រូ ឬមិត្តភក្តិដែលមានចំណេះដឹងជាងខ្លួន ពីព្រោះការសួរនាំគឺជាស្ពានចម្លងពីភាពស្រពិចស្រពិលទៅរកពន្លឺនៃបញ្ញា។ 

ឈរលើបរិបទនៃការរីកចម្រើនយ៉ាងគំហុកនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ឯកឧត្តមបណ្ឌិត បានក្រើនរំលឹកឱ្យយុវជនចេះវិភាគ ពិចារណា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាសម្រាប់ការស្រាវជ្រាវ ជៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះនៃព័ត៌មានមិនពិត។ ក្នុងនោះ,  ឯកឧត្តមបណ្ឌិត បានផ្តល់នូវ «គន្លឹះមាស៤» សម្រាប់ការអភិវឌ្ឍខ្លួន ៖

• ទី១. ផ្លាស់ប្តូរផ្នត់គំនិត  ៖ ត្រូវលុបបំបាត់ពាក្យថា «ខ្ញុំធ្វើមិនបាន» ហើយជំនួសមកវិញដោយពាក្យថា «ខ្ញុំមិនទាន់ចេះ» ដើម្បីបើកឱកាសឱ្យខ្លួនឯងបន្តរៀនសូត្រ។

• ទី២. ជៀសវាងអន្ទាក់នៃការប្រៀបធៀប  ៖ កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃរហូតបាត់បង់ទំនុកចិត្ត ព្រោះដំណើរជីវិតរបស់មនុស្សម្នាក់ៗមានចង្វាក់ និងគោលដៅខុសៗគ្នា​ បៀបបាននឹង​ ផ្ការឈូក​ ផ្ការម្លេះ​ និងផ្ការឈូករ័ត្ន​ រីកក្នុងរដូវកាលខុសគ្នា។ 

• ទី៣. ធ្វើជាម្ចាស់លើបច្ចេកវិទ្យា  ៖ ស្មាតហ្វូនជាឧបករណ៍បម្រើមនុស្ស ដូច្នេះត្រូវចេះបញ្ជា និងប្រើប្រាស់វាឱ្យចំណេញដល់ចំណេះដឹង កុំបណ្តោយឱ្យស្មាតហ្វូនត្រឡប់មកគ្រប់គ្រងយើង ឬក្លាយជា «ចោរប្លន់ពេលវេលា ក្តីសង្ឃឹមនិងអនាគត» របស់យើងវិញ។

• ទី៤. ភាពវៃឆ្លាតកើតចេញពីការមិនចុះចាញ់ ៖ ភាពឆ្លាតវៃមិនមែនកើតចេញពីកំណើតនោះទេ ពោលគឺកើតចេញពីការសន្សំចំណេះដឹងបន្តិចម្តងៗ​  អ្វីដែលសំខាន់បំផុតគឺ «ភាពអត់ធ្មត់ ការមិនបោះបង់ និងការស្រាវជ្រាវមិនឈប់ឈរ»។ 

នៅចុងបញ្ចប់នៃពិធី ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងនូវការដឹងគុណ ចំពោះតួនាទីដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ។ ឯកឧត្តមបានគូសរំលេចថា ៖

«លោកគ្រូ អ្នកគ្រូ មិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹង និងបំភ្លឺផ្លូវប៉ុណ្ណោះទេ ប៉ុន្តែលោកគ្រូ អ្នកគ្រូ គឺជាអ្នកបំភ្លឺដុង និងទេពកោសល្យដែលកប់ទុកក្នុងខ្លួនរបស់សិស្សម្នាក់ៗ​ និងបណ្តុះក្តីសង្ឃឹមអោយសិស្ស។ រឹតតែពិសេសជាងនេះទៅទៀត លោកគ្រូ អ្នកគ្រូ គឺជាអ្នកព្យាបាលផ្លូវចិត្ត និងជាជម្រកសុវត្ថិភាពផ្លូវចិត្ត ដ៏កក់ក្តៅបំផុតសម្រាប់សិស្សានុសិស្ស ក្នុងការបណ្តុះបណ្តាលពួកគេឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់សង្គមជាតិ។» 

ឪពុកម្តាយ​ អាណាព្យាបាល​  គួរធ្វើអោយកូនៗចាត់ទុកផ្ទះជាកន្លែងកក់ក្តៅ​ និងចំណាយពេលសួរនាំអំពីកា​សិក្សា​ និងលើកទឹកចិត្ត​កូនជាប្រចាំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាស្រុក, លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក, តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល, ថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក, អាជ្ញាធរឃុំ-ភូមិ, លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករសរុបចំនួន ៩៨៣ នាក់។