ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យវឌ្ឍនភាព “គម្រោងកាត់បន្ថយភាពក្រីក្រ” និងសួរសុខទុក្ខបងប្អូនកសិករ ក្នុងខេត្តឧត្តរមានជ័យ

TVK App

ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើ «គម្រោងកាត់បន្ថយភាពក្រីក្រ» និងសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលស្ថិត នៅស្ថានីយកសិកម្មកូនក្រៀល ក្នុងភូមិសំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កម្មវិធីនេះមានការចូលរួមដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ រួមទាំងសហការី។ គម្រោងកាត់បន្ថយភាពក្រីក្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករក្រីក្រ តាមរយៈយន្តការសហការរវាងស្ថាប័នរដ្ឋ វិស័យធនាគារ និងសហគមន៍កសិកម្ម៖

-យន្តការគាំទ្រហិរញ្ញវត្ថុ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើរតួនាទីជាអ្នកផ្តល់ឥណទានដែលមានលក្ខណៈសម្បទាន ជូនដល់ប្រជាកសិករ ដើម្បីធានាបាននូវទុនបង្វិលក្នុងការដាំដុះ។

-ការគាំទ្របច្ចេកទេស និងទីផ្សារ៖ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ទទួលបន្ទុកលើការសាងសង់ផ្ទះសំណាញ់ ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការផ្ដល់បច្ចេកទេសដាំដុះតាមស្តង់ដារ និងការធានាប្រមូលទិញកសិផលពីកសិករត្រឡប់មកវិញក្នុងតម្លៃសមរម្យ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយ គម្រោងនេះ លេចចេញជារូបរាង និងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់កសិករ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យបន្តអនុវត្តគម្រោងនេះ និងបានដាក់ចេញនូវទិសដៅពង្រីកការសាងសង់ផ្ទះសំណាញ់ឱ្យបានចំនួន ២០០ខ្នងបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបន្លែសុវត្ថិភាព និងពង្រីកវិសាលភាពនៃការជួយដល់គ្រួសារកសិករឱ្យកាន់តែទូលំទូលាយ៕