ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសន្ទរកថាស្វាគមន៍ក្នុង វេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ និងវិទ្យាស្ថានស៊ីអ៉ីអូបានសហការរៀបចំវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦ ដែលមាន ការអញ្ជើញចូលរួមជាអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកកម្ម និងឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៉ីអូ។វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកា ជាសហគ្រិនវ័យក្មេងជាច្រើនផងដែរ សរុបជាង១០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម ក៏ដូចជាបច្ចុប្បន្នភាពក្នុងការឆ្លើយតបទៅនឹងបរិបទក្រោយសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។ លើសពីនេះ ឯកឧត្តមបណ្ឌិតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៉ីអូ និងក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំ ក្នុងការរៀបចំវេទិកានេះឡើង ដើម្បីផ្តល់ជាឱកាសសម្រាប់កិច្ចពិភាក្សាពី លទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រដល់វិស័យកសិកម្ម ការចែករំលែកបទពិសោធកសិកម្មទំនើប រួមទាំងការតភ្ជាប់ទីផ្សារផលិតផលកសិកម្ម និងការទំនាក់ទំនងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនេះ តំណាងខាង វិទ្យាស្ថានស៊ីអ៉ីអូក៏បានវាយតម្លៃខ្ពស់ចំពោះវេទិកានេះ និងសង្ឃឹមយ៉ាងមុតមាំថា នឹងមានការសហការរៀបចំកម្មវិធីដូចនេះ នាពេលអនាគតបន្តទៀត។

វេទិកានេះរៀបចំឡើងនៅទីស្នាក់ការកណ្ដាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦៕