ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត”

(ចិន)÷នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, តបតាមការអញ្ជើញរបស់តំណាងអង្គការសហប្រជាជាតិទទួល បន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD),ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនៃ ពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ និងបានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ ខ្ពស់ (High-Level Plenary Discussion)នៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” ដោយកិច្ចពិភាក្សាផ្តោតទៅលើចក្ខុវិស័យចំពោះយុទ្ធសាស្រ្តស្វែងរកប្រភពទុនសម្រាប់អនាគតនៃការវិនិយោ សកល, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសម្រាប់អនាគត។

ក្នុងកម្មវិធីបើកជាផ្លូវការនៃសន្និសីទនេះមានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការថ្លែងសន្ទរកថាស្វាគមន៍ សន្ទរកថាបើក ពីអគ្គលេខាធិការងនៃ UN និងនាយកកម្មវិធីគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ, តំណាងពីខេត្ដហ្វូជៀន និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។ ជាពិសេស សន្ទរកថាគន្លឹះ ថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន (Uzbekistan) និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងពីព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចបន្ទាប់ ក្នុងការពិភាក្សានេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកនូវទស្សននៃសក្តានុពលការវិនិយោគសម្រាប់អនាគត តាមរយៈបន្ស៊ីជាមួយនឹងតួនាទីរបស់ធនាគារអភិវឌ្ឍន៍ រួមមានការវិវត្តន៍នៃឧបករណ៍ហិរញ្ញវត្ថុ, យន្តការនៃផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដែលមានប្រសិទ្ធភាព, សារៈសំខាន់នៃបច្ចេកវិទ្យាសម្រាប់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ, និងឧត្តមានុវត្តន៍របស់ធនាគារ ARDB។ បន្ថែមពីនេះ, ក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍ ពិសេសការបង្កើនសមត្ថភាពស្ថាប័ន និងការអនុវត្តកម្មវិធីហិរញ្ញប្បទានរួមគ្នា សំដៅជំរុញផលជះនៃសហថាមពល និងប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន៕