ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ចូលរួមកម្មវិធីបឋកថាសាធារណៈ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបញ្ហាប្រឈមប្រទេសមានចំណូលមធ្យម៖ ដំណើរកម្ពុជាឆ្ពោះទៅរកការបោះជំហានមួយកម្រិតទៀត – Economic Diversification and Middle-Income Challenges: Navigating Cambodia to the Next Level”

តបតាមការអញ្ជើញរបស់សាស្រ្តាចារ្យបណ្ឌិត នាក់ ចន្ទដារិទ្ធ នាយកវិទ្យាស្ថានអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមកម្មវិធីបឋកថាសាធារណៈ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបញ្ហាប្រឈមសម្រាប់ប្រទេសមានចំណូលមធ្យម៖ ដំណើរកម្ពុជាឆ្ពោះទៅរកការបោះជំហានមួយកម្រិតទៀត – Economic Diversification and Middle-Income Challenges: Navigating Cambodia to the Next Level” ដែលធ្វើបឋកថាដោយសាស្រ្តាចារ្យ Ricardo Hausmann សាស្រ្តាចារ្យនៃ Harvard Kennedy School ជាស្ថាបនិក និងជានាយកនៃ Harvard’s Growth Lab ដោយមានការចូលរួមពីប្រធានធនាគារពិភពលោកនៅកម្ពុជា សាស្រ្តាចារ្យតាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កម្ពុជា និស្សិត សាធារណជន និងអ្នកស្រលាញ់ការសិក្សាស្រាវជ្រាវ មួយចំនួន នាថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននៃបរិវេណវិទ្យាស្ថានភាសាអន្តរជាតិ (IFL)។

ក្នុងបឋកថានេះ លោកសាស្រ្តាចារ្យ Ricardo Hausmann បានសង្កត់ធ្ងន់អំពី “ថាតើគួរផ្តោតលើចំណុចអ្វីខ្លះ ដើម្បីកម្ពុជាអាចមានវិបុលភាពកាន់តែប្រសើរ” ដែលក្នុងនោះ លោកសាស្រ្តាចារ្យ បានបង្ហាញពីឬសគល់នៃកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per Capita) នៅតាមប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ធាតុនៃអនុគមន៍ផលិតកម្មដែលជំរុញកំណើន (Neoclassical Production Functions) អត្ថន័យនៃឧត្តមភាពប្រកួតប្រជែង (Comparative Advantage) – ទ្រឹស្តីរបស់លោក David Ricardo ការបែងចែកចំណេះដឹងឱ្យចំជំនាញ (Division of Knowledge) និងការធ្វើពិពិធកម្មជំនាញ ផលិតផល និងឧត្តមភាពប្រកួតប្រជែង ទៅតាមអេកូឡូស៊ីសេដ្ឋកិច្ច។

ជាចុងក្រោយ លោកសាស្រ្តាចារ្យ ក៏បានលើកឡើងអំពីប្រធានបទដែលគួរសិក្សាស្រាវជ្រាវបន្ថែម៖ (1) Who are the agents of recent diversification in Cambodia, what conditions have enabled their emergence and what other agents are currently underutilized? (2) What can the Cambodian diaspora contribute to the productive transformation of the country, beyond remittances? (3) What are the binding constraints to the next phase of sustained and inclusive growth in Cambodia។