ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងសហការីអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB នៅព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥។

វេទិកានិងពិព័រណ៍កសិកម្មឆ្នាំ២០២៥ រៀបចំឡើងក្រោម អធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា រួមនិងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត។

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងដៃគូសំខាន់បំផុត ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងការលើកកម្ពស់គុណភាព និងសុវត្ថិភាព ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារតំបន់ និងសកលលោក តាមរយៈអភិវឌ្ឍន៍កសិកម្មល្អ ប្រកបដោយគុណភាព និងបរិយាបន្ន។

សូមបញ្ជាក់បន្ថែមថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬ CAFE 25 បានបង្កើតវេទិកាពិភាក្សាកំរិតខ្ពស់ស្តីពី៖
-ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ កាលានុវត្តភាពសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។
-ការប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅដ៏គួរឱ្យទាក់ទាញបំផុតក្នុងតំបន់ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកសិកម្ម។
-បញ្ហាប្រឈម និងភាពជោគជ័យ បទពិសោធន៍របស់អ្នកវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬ CAFE 25 បានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការតាំងបង្ហាញពី កសិផល ផលិតផល របស់កម្ពុជា តាមរយៈនេះវិស័យឯកជន ក្នុងនិងក្រៅប្រទេស ជាពិសេសវិនិយោគិន មានឱកាសស្វែងយល់កាលានុវត្តភាពនៃការវិនិយោគវិស័យកសិកម្ម កសិពាណិជ្ជកម្ម និងកសិស្បៀងអាហាររបស់កម្ពុជា៕