ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ចើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)រួមនិងសហការីបានអញ្ចើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីក និងពិធិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហ័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនៃ «យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥ -២០៣០» និង “ពិធីមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥” ជាកិច្ចចាប់ផ្តើម លោកជំទាវចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានសម្តែងនូវការកោតសសើរ និងការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា និងបានចាត់ទុកថាព្រឹត្តិការណ៍ដែលបានរៀបចំនេះ គឺជាព្រឹត្តិការណ៏នៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរ រវាងក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងដៃគូរពាក់ព័ន្ធដទៃទៀត។

តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញ អង្ករកម្ពុជា ២០២៥-២០៣០” នេះ លោកជំទាវរដ្ឋមន្រ្តី បានគូសរំលេចនូវទិសដៅចម្បងៗចំនួន ៣៖
១. រក្សាជំហររឹងមាំរបស់កម្ពុជា លើទីផ្សារអង្ករក្រអូបសំខាន់ៗ លើទីផ្សារអន្តរជាតិ
២. បង្កើនការនាំចេញអង្ករសប្រណិតដោយផ្តោតលើក្រុមប្រជាជនដែលមានចំណូលមធ្យមនៅក្នុងទីផ្សារតំបន់អាស៊ី និង
៣. ពង្រីកឱកាសទីផ្សារឱ្យទូលាយបន្ថែមទៀត

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងនាពេលអនាគត ក៏ដូចជាតាមរយៈយន្តការលទ្ធកម្មស្បៀងអាហារតាមស្ថាប័នដូចជា តាមរយៈយន្តការកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) កម្មវិធីជំនួយស្បៀងអាហារ និងលទ្ធកម្មសន្តិសុខស្បៀងដោយអង្គការសហប្រជាជាតិនិងអង្គការមនុស្សធម៌នានា។

លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅទីផ្សារចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៣០% ហើយ ក្នុងឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងថែមទៀត ដោយមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៧ ចំនួន ៥០ម៉ឺនតោន។

លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បន្តផ្តោតការយក ចិត្តទុកដាក់ខ្ពស់លើការចូលរួមដោយមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រនានារបស់រាជដ្ឋាភិបាល និងទាញយកផល ប្រយោជន៍ជាអតិបរមាពីកិច្ច​​ព្រមព្រៀងកម្ពុជាជាសមាជិក។

ពិធីនេះមានការអញ្ចើញចូលរួមជាកិត្តិយសពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា រួមនិងម្ចាស់ក្រុមហ៊ុន-រោងម៉ាស៊ីនកិនស្រូវជាច្រើរូបផ្សេងទៀត៕