ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

ភ្នំពេញ÷ តបតាមការអញ្ជើញរបស់អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល”។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត បានធ្វើបច្ចុប្បន្នភាព និងស្ថានភាពនៃការប្រមូលផលស្រូវកម្ពុជា។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា កម្ពុជាក្នុងឆ្នាំ២០២៥នេះ អាចនឹងទទួលបានទិន្នផលស្រូវសរុបប្រមាណជា ១៤,៧ លានតោន និងការនាំចេញ អាចនឹងឈានដល់ប្រមាណជា ៨០ ម៉ឺនតោន និងស្ថានភាពថ្លៃស្រូវ ហាក់មានកំណើនឡើងវិញបន្តិច ពិសេសស្រូវផ្ការំដួលនិងស្រូវស្រង៉ែ។

បន្ថែមពីការធ្វើបច្ចុប្បន្នភាពការប្រមូលផលស្រូវ, ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីការចូលរួមរបស់ធនាគារ ARDB និងភាគីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងកិច្ចខិតខំប្រឹង ប្រែងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ថ្មីៗនេះ ធនាគារ ARDB បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យប្រើប្រើប្រាស់នូវមូលនិធិបន្ថែម ៤០ លានដុល្លារអាម៉េរិក ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមរយៈម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងតម្លៃសមស្រប និងអំពាវនាវឱ្យម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ បន្តស្រូបទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព៕