ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣ ដើម្បីសម្តែងការស្ងើចសរសើរ និងលើកទឹកចិត្តបុគ្គលិកឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត។
នៅក្នុងពិធីសំណេះសំណាលនេះ បានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី អគ្គនាយករង៣រូប រួមមាន ឯកឧត្តម ចាន់ សីហា ឯកឧត្តម បាន លឹម និង ឯកឧត្តម ប៉ិច សានី និងថ្នាក់ដឹកនាំនាយកដ្ឋានព្រមទាំងបុគ្គលិកទាំងអស់ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុប៣៤៨នាក់។
ប្រធានបទនៃពិធីសំណេះសំណាលលើកទី៣នេះ គឺអំណាចនៃការអាន (THE POWER OF READING: IGNITING MINDS, ELEVATING PEOPLE, TRANSFORMING OUR FUTURE) ដែលក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍ដ៏ល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។
មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងអស់ពីសមត្ថភាព ដើម្បីបម្រើធនាគារ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូ សូមលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងគោរពវិន័យឲ្យបានជាប់ជាប្រចាំផងដែរ៕



