ឯកឧត្តមបណ្ឌិត កៅ ថាច បន្តដំណើរចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, នៅរោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និង​ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីបានបន្តដំណើរចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការបន្តទិញស្រូវរបស់៖

១. រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និង​
២. រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ។

បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។

ក្នុងឱកាសនេះ ឯកឧត្តមប្រតិភូលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវបន្តពង្រឹងនិងបង្កើនសមត្ថភាពឃ្លាំងស្តុក, សមត្ថភាពឡសម្ងួត, និង សមត្ថភាពកិនកែច្នៃអង្ករបម្រើដល់ការនាំចេញនិងប្រើប្រាស់ក្នុងស្រុក ជាពិសេសសូមណូមពរដល់ម្ចាស់រោងម៉ាស៊ីនប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើនជាប្រចាំថ្ងៃ៕