ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការី នៅថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥នេះអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល។

នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក យី យ៉េន អភិបាលនៃគណៈអភិបាល ស្រុកមុខកំពូល អាជ្ញាធរមូលដ្ឋានក្នុងស្រុកមុខកំពូល ដែលមានអ្នកចូលរួមសរុបប្រមាណ ៥១១ នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៥០ នាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើងដែលកន្លងមកតែងតែប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលដែលបងប្អូនប្រជាកសិករចង់បានដូចៗគ្នា គឺ (១) តម្លៃកសិផលដែលមានស្ថេរភាព ជាពិសេសនៅពេលប្រមូលផលឱ្យបានតម្លៃសមរម្យ (២) មានទីផ្សារ (៣) ធាតុចូលកសិកម្មជីថ្នាំមានតម្លៃសមរម្យ និង (៤) កម្ចីដែលមានអត្រាការប្រាក់ទាប។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិន ដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានបន្តទៀតថា បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃក្នុងរយៈកាលកន្លងមកថ្មីៗ ដែលបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង ជាក់ស្តែងដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី បានបន្ថយការនាំចូលអង្ករពីប្រទេសវៀតណាម និងថៃ ដែលធ្លាប់ទិញស្រូវពីយើងច្រើន បែរជាផ្អាកការនាំចូលអង្ករពីយើងទៅវិញ។ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ជុំវិញតម្លៃស្រូវធ្លាក់ថ្លៃនេះ កន្លងមករាជរដ្ឋាភិបាលបានអន្តរាគមន៍ក្នុងការជួយរក្សាតម្លៃស្រូវឱ្យមានស្ថេរភាពចាប់តាំងពីឆ្នាំ២០១៦ មក។

ឯកឧត្តមបណ្ឌិតប្រតិភូ បានចាត់ទុកកសិករ គឺជាអ្នកចិញ្ចឹមឆ្នាំងបាយរបស់ពិភពលោក ជាពិសេសប្រទេសកម្ពុជាយើងបាននាំចេញអង្ករទៅ៦៦ប្រទេសផងដែរ ដើម្បីបម្រើការហូបចុករបស់ប្រជាជនពិភពលោក ហេតុដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ ដែលបានបន្សល់ទុកបន្តតាំងពីដូនតាមក ពោលគឺមុនសម័យអង្គរមកម៉្លេះ។

ដោយឡែកទាក់ទិននឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ឯកឧត្តមបណ្ឌិតប្រតិភូមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅតាមបណ្តាប្រទេសធំៗមួយចំនួន បាននឹងកំពុងធ្វើកសិកម្មកាបូន ដែលជាការអនុវត្តកសិកម្មបែបថ្មី ដើម្បីកាត់បន្ថយការបំភាយកាបូន និងជួយដល់អាកាសធាតុល្អប្រសើរ ដីស្រែមានជីជាតិ ហើយថែមទាំងបង្កើតឱកាសសម្រាប់ដៃគូអាជីវកម្ម ក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម។

ចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអំពាវនាវឱ្យបងប្អូនកសិករ ចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីទទួលបានអត្ថប្រយោជន៍ និងឱកាស ដោយហេតុថា ទី១ សមាគមនឹងធ្វើជាស្ពានតភ្ជាប់ទៅនឹងឱកាស ក្នុងការទទួលបានបច្ចេកទេស និងស្ពានជាតភ្ជាប់ទីផ្សារជូនកសិករទៅនឹងអ្នកទិញ និងទី២ សមាគមនឹងធ្វើជាខែល ឬឆ័ត្រ សម្រាប់កសិករជ្រក ពោលគឺ ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន គៃចំណេញលើកសិករ៕