ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំលើកទី២ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការឥណទានបៃតងនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការឥណទានបៃតងក្រោមក្របខ័ណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) ដែលមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank-KDB) ក្រុមហ៊ុន Mekong Strategic Capital (MSC) និងក្រុមការងារអនុវត្តកម្មវិធី CCFF (CCFF Working Group)។ គោលបំណងនៃកិច្ចប្រជុំនេះ រួមមាន៖ (១) ការពិនិត្យ និងវាយតម្លៃលើគម្រោងបៃតងក្រោមក្របខ័ណ្ឌកម្មវិធី CCFF (២) ផែនការបញ្ចេញឥណទានបៃតងជាបន្តបន្ទាប់ និង(៣) ការងារផ្សេងៗ។

ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការឥណទានបៃតង (GCC) បានអនុម័តលើការផ្តល់ឥណទានដល់គម្រោងចំនួនបី (ក្នុងនោះឥណទានបោះដុំចំនួនមួយគម្រោង) ដែលមានគាំទ្រដល់វិស័យកសិកម្ម និងព្រៃឈើប្រកបដោយចីរភាព ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រព័ន្ធដឹកជញ្ជូនដែលបំភាយឧស្ម័នផ្ទះកញ្ចក់ទាប។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ CCFF WG ក្នុងការបន្តសិក្សា និងជំរុញការបញ្ចេញឥណទានបៃតង ស្របតាមវិស័យអាទិភាពនៃកម្មវិធី CCFF។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាពេលរសៀលថ្ងៃចន្ទ ០៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB៕