ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញឱ្យមានការផ្គត់ផ្គង់បន្លែសុវត្ថិភាពកាន់តែច្រើន ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ការផ្គត់ផ្គង់បន្លែស្រស់»។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យក់ ចំរើនឫទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ព្រមទាំងសមាជិកសមាគម វិនិយោគិន និងតំណាងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មប្រមាណជាង ៥០នាក់។
ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច សមាគមបានបង្ហាញនូវគុណតម្លៃស្នូលចំនួន ៣ យ៉ាងសំខាន់៖
* ការបង្កើតបណ្តាញទីផ្សារនវានុវត្តន៍ទំនើប (Innovative Marketplace): សមាគមបានដើរតួនាទីជាអ្នកសម្របសម្រួលបង្កើត «ម៉ូដែលទីផ្សារថ្មី» ដែលតភ្ជាប់ពីចម្ការកសិករមកដល់ម អ្នកប្រើប្រាស់ចុងក្រោយផ្ទាល់។ នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយឱ្យកសិករលក់ផលិតផលបានស្រួល និងអ្នកបរិភោគទទួលបានបន្លែដែលមានតម្លៃទាបសមរម្យតាមរយៈកាត់ចេញទីផ្សារកណ្តាលចំនួន២ឬ៣ថ្នាក់ចេញ។
* ការគិតគូរពីសុខុមាលភាពសាធារណៈ (Public Health): លើសពីការលក់ដូរធម្មតាគឺ សមាគមផ្ដោតសំខាន់ សម្របសម្រួលអោយមាន «សុវត្ថិភាពចំណីអាហារ»។ ការជំរុញឱ្យមានការផលិត និងផ្គត់ផ្គង់បន្លែ ផ្លែឈើ ដែលមានគុណភាព និងសុវត្ថិភាព គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរ។
* ការផ្សារភ្ជាប់ទីផ្សារ: សមាគមបានក្លាយជាវេទិកាតភ្ជាប់ដ៏រឹងមាំរវាង អ្នកផលិត (កសិករ) អ្នកបច្ចេកទេស និងអ្នកវិនិយោគ ដើម្បីបង្កើតខ្សែចង្វាក់ផលិតកម្មមួយដែលមានការប្រកួតប្រជែងខ្ពស់ និងមាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សង្កត់ធ្ងន់ថា គម្រោងនេះមិនត្រឹមតែជួយដោះស្រាយបញ្ហាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការទទួលខុសត្រូវផ្នែកសង្គម(social responsibility )។ កសិករ និងអ្នកផលិត ត្រូវតែគិតគូរជាចម្បងលើគុណភាព និងសុវត្ថិភាព ដើម្បីសុខភាពអ្នកទទួលទាន។
ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការគ្នាយ៉ាងជិតស្និទ្ធតាមរយៈ បណ្តាញកសិករតេជោ ដើម្បីអភិវឌ្ឍបច្ចេកទេសថ្មីៗ និងបង្កើនលទ្ធភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ៕



