ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី MoEYS EdTech APP និងបញ្ញាសិប្បនិម្មិតនៃកម្មវិធីថ្នាលបឋមសម្រាប់គ្រូបង្រៀន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី ម៉ូយ-អេដ-ថេច-អែប (MoEYS EdTech APP ) និងបញ្ញាសិប្បនិម្មិតនៃកម្មវិធីថ្នាលបឋមសម្រាប់គ្រូបង្រៀន នៅសាលប្រជុំជាន់ទី៣ នាយកដ្ឋានបឋមសិក្សា។
តាមរបាយការណ៍សង្ខេបរបស់លោកស្រីសាស្ត្រាចារ្យបណ្ឌិត
អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង តំណាងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជម្រាបជូនថា ម៉ូយ-អេដ-ថេច-អែប (MoEYS EdTech App) ជានវានុវត្តន៍ថ្មីមួយក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិតសភាចារ្យនាយកគម្រោង ក្នុងការខិតខំឆ្លើយតប និងសម្រេចឲ្យបាន យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលជាពិសេស មុំទី៥ គឺ៖ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល ។ ម៉ូយ-អេដ-ថេច-អែប (MoEYS EdTech App) ឆ្លងកាត់ការអភិវឌ្ឍជាបន្តបន្ទាប់ ពីសន្លឹកកិច្ចស្វ័យសិក្សាក្នុងដំណាក់កាលកូវីដ១៩ រហូតក្លាយជាថ្នាលសិក្សាបែបឌីជីថលដែលចាប់ផ្ដើមបញ្ចូលនូវបញ្ញាសប្បនិម្មិតទំនើបនេះ។
បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងកែលម្អការអប់រំចំណេះទូទៅ រួចមក
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាស ន៍ថា នេះគឺជាជំហានថ្មីមួយក្នុងការផ្លាស់ប្ដូរទស្សនៈ ដែលថាទាល់តែរៀនគួរ ទើបអាចរៀនបន្ថែមបាន ជាក់ស្តែងឥឡូបនេះ សិស្សអាចរៀនបន្ថែមដោយខ្លួនឯងនៅផ្ទះតាមរយៈកម្មវិធីទូរស័ព្ទថ្មីនេះ ហើយយើងនឹងបន្តចូលរួមសហការគ្នាបន្ថែមទៀតដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានការផ្លាស់ប្ដូរទម្លាប់ ពីការប្រើប្រាស់ទូរសព្ទដៃដើម្បីលេងហ្គេមឬបណ្ដាញសង្គម មកជាប្រើប្រាស់ទូរសព្ទដៃដើម្បីរៀនបង្កើនចំណេះដឹង។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារ ដូចជា៖ ១) ស្នើឱ្យក្រុមការងារជំនាញថតជាវីដេអូបង្ហាញពីវិធីសាស្រ្តបង្រៀនថ្មីៗឱ្យសម្បូរបែរ ដោយបញ្ជាក់ថាការរៀនដោយមើលវីដេអូ គឺមានភាពជាក់ស្ដែង និងងាយស្រួលយល់ ២) បន្តការចែករំលែកធនធានសិក្សាតាមរយៈប្រព័ន្ធឌីជីថល ៣) លើកកម្ពស់ការសិក្សារៀនសូត្រផ្នែកបច្ចេកវិទ្យា ដោយការរៀនបែបថ្មី គឺ ការសិក្សាពិសោធន៍ ការស៊ើបអង្កេត វិភាគស៊ីជម្រៅ សិក្សាបែបគម្រោង និង ៤) សូមស្នើឱ្យមានប្រព័ន្ធអធិការកិច្ច និងចុះពិនិត្យជាក់ស្ដែង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ បញ្ចូល AI ទៅក្នុងការបណ្តុះបណ្តាលគ្រូ និងគ្រោងរៀបចំសៀវភៅណែនាំស្តីពីការប្រើប្រាស់បញ្ញាសិប្បនិមិ្មតក្នុងការរៀននិងបង្រៀន ដើម្បីជំនួយដល់លោកគ្រូអ្នកគ្រូ ក្នុងការ ប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រនិងសហការអភិវឌ្ឍកម្មវិធីដ៏មានសារៈសំខាន់នេះឡើង និងសូមស្នើឱ្យ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំងអស់ ជំរុញការប្រើប្រាស់កម្មវិធីនេះឱ្យបានទូលំទូលាយ ។
សូមបញ្ជាក់ថា សម្រាប់ “បញ្ញាបឋម” គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិតផ្នែកអប់រំដំបូងគេបង្អស់របស់កម្ពុជា ដែលបង្កើតឡើងដើម្បីគាំទ្រទាំងសិស្សានុសិស្ស និងគ្រូបង្រៀន ដែលជួយគ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យាប្រកបដោយភាពឆ្លាតវៃ ដោយផ្តល់ជំនួយភ្លាមៗដល់គ្រូបង្រៀននិងសិស្ស តាមរយៈការពន្យល់ជាជំហានៗ ការបង្កើតកិច្ចតែងការបង្រៀន និងការបង្កើតសន្លឹកកិច្ចការបន្ថែមសម្រាប់សិស្សហ្វឹកហាត់ ដែលសម្របតាមល្បឿននៃការសិក្សារបស់សិស្សម្នាក់ៗ៕