ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំងថ្មី សាលារៀន អេយូភីភី ឡៃហ្គឺ លីឌឺហ្សីបអាកាឌឺមី (AUPP Liger Leadership Academy)
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សាលារៀន AUPP បានរៀបចំសម្ពោធជាផ្លូវការនូវអគារថ្មី ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី Janet Tartaglia នាយិកាសាលា AUPP បានមានប្រសាសន៍ថា បេសកកម្ម AUPP Liger Leadership Academy ផ្តោតលើការបង្កើតពលរដ្ឋសកល (Global Citizens) និងអ្នកដឹកនាំសម្រាប់អនាគត (Future Leader) ប្រកបដោយចំណេះដឹងខ្ពស់ បច្ចេកវិទ្យាស្ទាត់ជំនាញ មានវិន័យកីឡា និងមានមនសិការជួយសង្គមជាតិ ជួយឱ្យសិស្សកម្ពុជាមានសមត្ថភាពប្រកួតប្រជែងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ សាលា AUPP Liger Leadership Academy បានចាប់ផ្តើមបើកដំណើរការទីតាំងថ្មីនៅខណ្ឌជ្រោយចង្វារ នាដើមខែមីនា ឆ្នាំ២០២៦ នេះតទៅ ដោយផ្តោតលើការអប់រំតាមប្រព័ន្ធ បណ្ដុះសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងគំនិតសហគ្រិនភាព។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទ្បើងថានេះគឺជាវឌ្ឍនភាពថ្មីមួយទៀតសបញ្ជាក់ពីភាពរីកចម្រើនជាប្រវត្តិសាស្ត្ររបស់សាលារៀននេះចាប់តាំងឆ្នាំ២០១២ និងជាសមិទ្ធផលថ្មីមួយរបស់វិស័យអប់រំកម្ពុជា ដែលរាជរដ្ឋាភិបាលបានបង្កបរិយាកាសអំណោយផលឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព ជាពិសេសបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជាប្រកបដោយជម្រើសសម្បូរបែប និងមានហេដ្ឋារចនាសម្ព័ន្ធទំនើបឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។ កន្លងមក AUPP Liger Leadership Academy (ALLA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យអប់រំនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សាបែបអនុវត្តគម្រោង (Project-Based Learning) ដោយបានបង្កើតនូវសមិទ្ធផល និងគំនិតផ្តួចផ្តើមថ្មីៗលើវិស័យអប់រំជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស យុវជន និងកីឡា ជាមួយចក្ខុវិស័យបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ (Leadership Development) សម្រាប់យុវជនកម្ពុជា។ សិស្សត្រូវបានបង្រៀនឱ្យមាន “ម្ចាស់ការលើការរៀនសូត្រ” ចេះធ្វើសេចក្តីសម្រេចចិត្ត និងការរៀបចំកម្មវិធីសន្ទនា និងសិក្ខាសាលាដែលអនុញ្ញាតឱ្យយុវជនជួបជាមួយអ្នកដឹកនាំអាជីវកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីដកស្រង់បទពិសោធ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរដល់គណៈគ្រប់គ្រងសាលា និងភាគីពាក់ព័ន្ធទាំងអស់ចំពោះវឌ្ឍនភាពថ្មីនេះ ដោយជឿជាក់ថា សាលា AUPP Liger Leadership Academy នឹងដើរតួនាទីយ៉ាងសំខាន់មួយកម្រិតទៀត ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជាឱ្យមានចំណេះដឹងទូលំទូលាយ មានសមត្ថភាពខ្ពស់ និងក្លាយខ្លួនជាអ្នកដឹកនាំ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនាពេលខាងមុខ៕



