ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមពិធីបើកសន្និបាតបូកសរុបការងារឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ របស់ក្រសួងអប់រំយុវជន និងកីទ្បា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុង «សន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡាឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦»

 សន្និបាតអប់រំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូល ធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់” ក្នុងគោលបំណងបន្តធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ឱ្យឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនា ពេលកន្លងមក ដោយក្រសួងបានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទ សំខាន់ៗចំនួន ៥ រួមមាន៖ ទី១). ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាព ធន់, ទី២). ការអភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្ម និងកំណើនសេដ្ឋកិច្ច, ទី៣).ការអភិវឌ្ឍ យុវជន ដើម្បីជាតិ និងប្រជាជន, ទី៤). ការអភិវឌ្ឍការអប់រំកាយនិងកីឡា ដើម្បីសុខុមាលភាពនិងកិត្យានុភាពជាតិ និងទី៥).ផលប៉ះពាល់លើវិស័យអប់រំបណ្តាលមកពីការឈ្លានពានរបស់ កងទ័ពថៃ និងវិធានការឆ្លើយតបនានារបស់វិស័យអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទ្បើងអំពីថវិការបស់ក្រសួងអប់រំចំនួនប្រាំពីរ មានដូចជា៖ 

១/ស្ថានភាពថវិកាអប់រំ

ថវិកាឆ្នាំ ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡាបានកើនឡើងដល់ ៤.៥១២ ពាន់ លានរៀល ក្នុងនោះថវិការដ្ឋស្នើនឹង ៩១ភាគរយនៃថវិកាសរុប និងថវិកាដៃគូអភិវឌ្ឍមាន ៤២៣ ពាន់លានរៀល ស្មើនឹង ៩ ភាគរយនៃថវិកាសរុប។ ថវិកាអប់រំឆ្នាំ ២០២៥ ស្មើនឹង ២,០ភាគរយ ធៀបនឹង ផ.ស.ស។

២/ការផ្ទេរថវិកាទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ៖ 

ចាប់ពីឆ្នាំ២០២៤ មក ក្រសួងបានផ្ទេរ ថវិកាមុខងារការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងការគាំ ទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសទៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

៣/ការរៀបចំអង្គភាពថវិកា៖ 

ក្រសួងបានអនុវត្តថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៥ ដោយក្រសួងបានធ្វើវិមជ្ឈការថវិកាជូនអង្គភាពថវិកា ក្នុងការអនុវត្តថវិកាប្រកបដោយការទទួល ខុសត្រូវខ្ពស់។

៤/ថវិកាមូលនិធិដំណើរការសាលារៀនសាធារណៈ៖

ក្រសួងបានរៀបចំគោលការណ៍ ណែនាំស្តីពី ការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ សម្រាប់ការគ្រប់គ្រងថវិកា រដ្ឋ ដៃគូ សហគមន៍ សប្បុរសជន និងប្រភពផ្សេងៗទៀតដែល ផ្តល់ជូនសាលារៀនសាធារណៈ ដើម្បីបម្រើសេវាអប់រំឱ្យកាន់តែមានគុណភាព និងឆ្លើយតបទាំងតម្រូវការសិក្សារបស់សិស្ស ការចង់បានរបស់មាតាបិតាសិស្ស សហគមន៍ និងទីផ្សារការងារក្នុងគោលដៅអភិវឌ្ឍសង្គមសេដ្ឋ កិច្ច និងវប្បធម៌នៅកម្ពុជា។

៥/ការអនុវត្តថវិការដ្ឋ៖

ជារៀងរាល់ឆ្នាំ ក្រសួងបានអនុវត្តចំណាយក្នុងរង្វង់ ៩៦ភាគរយ ធៀបនឹងឥណទានដើមឆ្នាំ។ ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់វិស័យអប់រំប្រចាំឆ្នាំ ក្នុង រង្វង់ ១០៥ លានដុល្លារអាម៉េរិក។

៦/ការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម៖ 

ក្នុងឆ្នាំ ២០២៥ ក្រសួងបានរៀបចំកិច្ចព្រម ព្រៀងសមិទ្ធកម្ម ៣កម្រិតគឺ កម្រិតទី១ រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមាន ១១សូចនាករ កម្រិតទី២ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹង ប្រធានកម្មវិធីទាំង៥ មាន ១១សូចនាករ និងកម្រិតទី៣ រវាងប្រធានកម្មវិធីជាមួយ អនុកម្មវិធី មាន ១០៩សូចនាករ។

៧/ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS)៖ សម្រាប់ការគ្រប់គ្រងធនធានហិរញ្ញវត្ថុផ្ទេរមានភ្ជាប់លក្ខខណ្ឌ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងសម្រាប់ គាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “(EFMS App) និងមុខងារគ្រប់គ្រងហិរញ្ញវត្ថុដទៃ ទៀត៕