ឯកឧត្តមទេសរដ្ឋមន្រ្ត គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ, ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត, គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តឧត្តរមានជ័យ, បណ្តាមន្ទីរ-អង្គភាព គណៈអភិបាកក្រុង-ស្រុក និងអាជ្ញធរឃុំ-សង្កាត់ សរុបចំនួន ២៤០នាក់។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានធ្វើរបាយការណ៍ស្វាគមន៍ពីវឌ្ឍនភាពនៃការអនុវត្តភារកិច្ចសម្រាប់ខែឧសភា ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ពីកិច្ចការសំខាន់របស់រដ្ឋបាលខេត្តដែលត្រូវអនុវត្តព្រមគ្នានោះគឺសំណូមពរ និងសំណើប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹក។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យគ្រប់ជាន់ថ្នាក់ ក្នុងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនដែលស្នាក់នៅមណ្ឌលសុវត្ថិភាព។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុកកិច្ចការផ្តល់ប័ណ្ណសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់ដែលរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យឡើងវិញ ដើម្បីជំរុញ និងពន្លឿនការផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ។
ជាមួយបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្ត និងពន្លឿនការងារវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋទូទាំងប្រទេស សំដៅធានាអំពីកម្មសិទ្ធិដីធ្លីស្របច្បាប់ កាត់បន្ថយទំនាស់ និងលើកកម្ពស់សុវត្ថិភាពសេដ្ឋកិច្ចគ្រួសារ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ប័ណ្ណកម្មសិទ្ធិនេះដើរតួជាមូលដ្ឋានគ្រឹះនៃប្រភពសេដ្ឋកិច្ច ដែលអនុញ្ញាតឱ្យម្ចាស់អចលនទ្រព្យអាចប្រើប្រាស់ជាទ្រព្យបញ្ចាំស្របច្បាប់សម្រាប់អាជីវកម្ម ឬការអភិវឌ្ឍផ្សេងៗ៕



