ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនភៀសសឹក និងមានការយកចិត្តទុកដាក់ខ្ពស់។
(ភ្នំពេញ) ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ពីក្រុមហ៊ុនឯកជនចំនួន ០៦ ដឹកនាំដោយ លោក Dalton Wong ប្រធាន IndoCham Cambodia ដើម្បីរៀបចំសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភគាំទ្រដល់ប្រជាជនភៀសសឹក ក្នុងអំឡុងពេលនៃវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការអាជ្ញាធរមីន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដោយមានតំណាងក្រុមហ៊ុនចំនួន ០៦ រួមមាន ៖ ក្រុមហ៊ុន MASSWORK CO., LTD, CB INSURANCE PLC., REPRESENTATIVE OFFICE OF PERNOD RICARD SINGAPORE PTE. LTD, TOYOTA (CAMBODIA) CO., LTD, Tian Xu International Technology Plc. (CoolCash), និងក្រុមហ៊ុន GREEN VACATION CO., LTD ។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់សប្បុរសជន ដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា រួមចំណែកជួយដល់ប្រជាពលរដ្ឋភៀសសឹក។ ឯកឧត្តម លី ធុជ បញ្ជាក់ថា ជំនួយដែលបានផ្តល់ បានទៅដល់ដៃរបស់ប្រជាជន អ្វីដែលសំខាន់មួយទៀតនោះ គឺទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូនចំពោះប្រជាជនរងគ្រោះ ក្នុងគោលដៅលើកទឹកចិត្ត ការពារសេចក្តីថ្លៃថ្នូរ និងផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ក្នុងស្ថានភាពដ៏លំបាក។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ក្នុងអំឡុងពេលដ៏លំបាកនេះផងដែរ កម្ពុជា នៅតែបន្តបោះជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សម្តេចធិបតី បានដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និងធានាមិនឱ្យបាត់បង់ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេច បានការពារទាំងអធិបតេយ្យភាពជាតិ ប្រកបដោយភាពថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ និងកាតព្វកិច្ចមនុស្សធម៌ ជូនចំពោះប្រជាជន និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ។
ជាចុងបញ្ចប់ តាងនាមឱ្យប្រជាជនភៀសសឹក ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ទុកទឹកចិត្តដ៏សប្បុរសរបស់វិស័យឯកជន ពិតជាឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរជាមួយនឹងតម្រូវការរបស់ប្រជាជនភៀសសឹក និងមានការយកចិត្តទុកដាក់ខ្ពស់។



