ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ព្រមទាំងទទួលការគាំទ្រប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍

(ភ្នំពេញ) ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន គូសបញ្ជាក់ថា ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ព្រមទាំងទទួលការគាំទ្រប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។

ការថ្លែងបែបនេះ ក្នុងឱកាស ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញដឹកនាំសិក្ខាសាលាបិទបញ្ចប់ “គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤” ។ ឯកឧត្តម លី ធុជ ថ្លែងឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០២០ ស្ថានភាពប្រជាជនកម្ពុជាជាង ៣៤១ ០០០នាក់ បានផ្លាស់ប្តូរតាមរយៈការបោសសម្អាតផ្ទៃដីដែលមានមីនជាង ១៧៤គីឡូម៉ែត្រការ៉េ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) រួមទាំងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការកសាងសមត្ថភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ព្រមទាំងថ្លែងអំណរគុណចំពោះភាពជាដៃគូរវាងអាជ្ញាធរមីន ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងប្រទេសលុចសំបួ ដែលបានប្តេជ្ញាចិត្តឈរជាមួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ ចូលរួមចំណែកគាំទ្រដល់កិច្ចសង្រ្គោះជីវិត និងកសាងអនាគតសម្រាប់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណជូនចំពោះប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបច្ចុប្បន្នបាននិងកំពុងបន្តគាំទ្រប្រកបដោយសប្បុរសដល់សកម្មភាពមីននៅកម្ពុជា រួមមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ន័រវែស ស្វីស ចិន អៀរឡង់ បែលហ្សិក ឥណ្ឌា ដៃគូអភិវឌ្ឍន៍ ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជនផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា បច្ចុប្បន្ននេះ កម្ពុជា បានឈានដល់របត់ថ្មីមួយយ៉ាងសំខាន់ ឈានឆ្ពោះទៅសម្រេចគោលដៅជាប្រវត្តិសាស្រ្ត គឹកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០ ដែលចក្ខុវិស័យនេះត្រូវបានបញ្ជាក់ជាថ្មី ដោយដាក់បញ្ចូលក្នុងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ តាមរយៈគោលដៅនេះ កម្ពុជា នឹងអាចរួចចាកផុតពីការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលតែងតែលងបន្លាចប្រជាជនកម្ពុជា អស់ជាច្រើនទសវត្សរ៍ ព្រមទាំងបានឆក់យកអាយុជីវិតរបស់ប្រជាជនកម្ពុជា បំផ្លាញគ្រួសារ និងរារាំងដល់សក្តានុពលអភិវឌ្ឍន៍ជាតិ។ 

ឯកឧត្តម លី ធុជ បានបញ្ជាក់ទៀតថា ខណៈពេលដែលយើងអបអរសមិទ្ធិផលនៅថ្ងៃនេះ យើងក៏ត្រូវតែទទួលស្គាល់នូវបញ្ហាប្រឈមដ៏ធំធេងនៅពេលខាងមុខផងដែរ។ គ្រាប់មីននៅតែបន្តប្រែក្លាយដីស្រែដែលមានជីជាតិ ទៅជាតំបន់ហាមឃាត់ និងគំរាមកំហែងដល់អាយុជីវិតប្រជាជនស្លូតត្រង់ ជាមួយនឹងស្ថានភាពចម្ការមីនដែលមានភាពស្មុគស្មាញខ្ពស់ ដែលតម្រូវការធនធានសម្រាប់ធ្វើការបោសសម្អាត និងប្រើប្រាស់វិធីសាស្រ្តរួមជាមួយបច្ចេកទេសទំនើប។ បញ្ហាប្រឈមទាំងនេះ គឹជាមូលហេតុមួយយ៉ាងសំខាន់ ក្នុងការបន្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ (២០២៦-២០៣០) និងតម្រូវឱ្យមានការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តការគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា “ការសម្រេចបាននូវស្ថានភាពគ្មានមីន មិនមែនជាការបញ្ចប់ការងាររបស់យើងនោះទេ វាគឺជាការផ្លាស់ប្តូរទៅកាន់ដំណាក់កាលថ្មីមួយ។ សូម្បីតែក្រោយឆ្នាំ ២០៣០ កម្ពុជានឹងប្រឈមនូវហានិភ័យដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ដែលទាមទារឱ្យមានការគ្រប់គ្រងបន្ត។ យើងត្រូវតែកសាងសមត្ថភាពជាតិប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយហានិភ័យទាំងនេះប្រកបដោយប្រសិទ្ធភាព និងធានាថាសកម្មភាពមីននៅតែត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់កម្ពុជា”។

ក្នុងនាមអាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តស្នូលចំនួន៣ ទី១/.ប្រជាជនកម្ពុជាគ្រប់រូបអាចរស់នៅនិងធ្វើការដោយសុវត្ថិភាពដោយរួចផុតពីការគំរាមកំហែងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ទី២/.គ្មាននរណាម្នាក់ត្រូវបានគេទុកចោល និងទី៣/.បន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវការសម្របសម្រួល ប្រសិទ្ធភាព និងសកម្មភាពមីនដែលផ្តល់នូវផលប៉ះពាល់ជាអតិបរមាផ្នែកមនុស្សធម៌ និងការអភិវឌ្ឍ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ព្រមទាំងបានអំពាវនាវឱ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមគ្នាគាំទ្រកម្ពុជា ក្នុងការជួយសង្គ្រោះជីវិត ស្តារក្តីសង្ឃឹមឡើងវិញ និងនាំប្រទេសកម្ពុជាកាន់តែខិតជិតទៅនឹងចក្ខុវិស័យរួម៖ ជាប្រទេសមួយដែលមនុស្សគ្រប់រូបអាចរស់នៅនិងធ្វើការដោយសុវត្ថិភាព ជាកន្លែងដែលការអភិវឌ្ឍរីកចម្រើនដោយមិនមានការរារាំងពីការគំរាមកំហែងពីអតីតកាល និងជាកន្លែងដែលមរតកដ៏អាក្រក់នៃជម្លោះត្រូវបានលុបបំបាត់។