ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដឹកនាំពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដឹកនាំពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍

ក្រសួងសុខាភិបាលដែលបានកែសម្រួលសមាសភាពថ្មី

_

រាជធានីភ្នំពេញ ÷ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដឹកនាំ ពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលបានកែសម្រួលសមាសភាពថ្មី។ពិធីនេះរៀបចំឡើងដើម្បីស្វាគមន៍លោកជំទាវ យក់ សម្បត្តិ ប្រធាន និងសមាជិកដែលទើបកែសម្រួលសមាសភាពថ្មី ព្រមទាំងពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍ប្រតិភូគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាប្រធាន   គណៈកម្មាធិការ និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ធ្វើឱ្យសម្រេចជោគជ័យ។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន   ៩២-១០០-៩៨។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ គឺជាស្នាដៃរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីស្វាគមន៍លោកជំទាវប្រធាន និងសមាជិក ជំនួបនៅថ្ងៃនេះគឺចង់ពិនិត្យមើលទាំងអស់គ្នាពីចំណុចដែលអាចកើតមាន និងធ្វើការឆ្លើយតប។ ក្នុងនោះរួមមាន៖ បញ្ហាហិរញ្ញវត្ថុ បញ្ហាជំនួយពីដៃគូអភិវឌ្ឍនិងអន្តរជាតិ គម្រោងបញ្ចប់អង្គការយូអិនអេដស៍នៅចុងឆ្នាំ២០២៦(បញ្ហាពាក់ព័ន្ធនឹងព័ត៌មានយុទ្ធសាស្រ្ត) និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីស្នើក្រសួងសុខាភិបាលពង្រឹងការប្រមូលទិន្នន័យពីផ្នែកឯកជនដើម្បីជំរុញគោលដៅ៩៥ទី១ និងការបន្ថយតអត្រាចម្លងមេរោគអេដស៍ពីមាតាទៅទារកឱ្យធ្លាក់ចុះទាបបន្ថែមទៀត។

បន្ទាប់មក ជាការឆ្លើយតបនិងចំណាប់អារម្មណ៍ លោកជំទាវ យក សម្បត្តិ បានថ្លែងថា យើងនៅតែព្រួយបារម្ភចំពោះករណីឆ្លងថ្មី ដែលនៅមិនទាន់ឃើញថាថមថយ។ ទន្ទឹមនឹងនេះ លោកជំទាវឯកភាពប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តីថាខាងហិរញ្ញវត្ថុក៏មានភាពមិននឹងនរ។ នៅក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានខិតខំកៀរគរធនធាន គាំទ្រយ៉ាងទៀងទាត់ពីថវិកាជាតិ ប្រមាណ៦លានដុល្លារក្នុងការទិញឱសថ និងបរិក្ខារ។ នៅដើមឆ្នាំ ២០២៥នេះ ថវិកាជំនួយពីមូលនិធិសកល បានផ្អាកសកម្មភាពមួយរយៈ ហើយបន្តឡើងវិញ។ ប៉ុន្តែ យើងសង្ឃឹមថា នៅជុំទី៨ មូលនិធិសកលនៅតែបន្តគាំទ្រជំងឺអេដស៍ និងរបេង។ ចំណែកឯការឆ្លងពីម្តាយទៅកូន ក្រសួងខិតខំប្រឹងប្រែង ដែលក្នុងនោះអត្រាឆ្លងបានថយពី១៥% មក៦,៨% ហើយក៏នឹងបន្តប្រឹងប្រែងឱ្យការឆ្លងមានសន្ទុះថយចុះបន្ថែមទៀត។

នៅក្នុងបទបង្ហាញ ស្តីពីការត្រៀមយន្តការដឹកនាំធានាភាពជាម្ចាស់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយប្រើធនធានក្នុងស្រុកនិងដៃគូអភិវឌ្ឍ ក្រោយឆ្នាំ២០២៦ ឯកឧត្តម ទា ផលាបានបញ្ជាក់ថា តាមរបាយការណ៍អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ គឺមានស្នាដៃក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មក មានការចូលរួមមតិនិងពិភាក្សាពី និន្នាការនៃការឆ្លងថ្មី ថវិកាជំនួយពីខាងក្រៅ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍  និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ ពីសមាជិក សមាជិកាដែលរួមមាន ឯកឧត្តម ម៉ៅ តាន់អ៊ាង, លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា លោកស្រី ទេព សំណាង លោកស្រី គឹម រ័ត្ននា ឯកឧត្តម មាន ឈីវុន និងឯកឧត្តម ឈឹម ឃិន ដារ៉េតផងដែរ៕