ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តគោលនយោបាយជាតិអេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
នេះជាកិច្ចប្រជុំលើកទី១ដែលក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងក្រុមប្រឹក្សាបច្ចេកទេស បានចូលរួមប្រជុំរួមគ្នា។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលអនុវត្តគោលនយោបាយ និងលើកជាដំណោះស្រាយសម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ យកទៅអនុវត្តបន្ត។
មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងគោលបំណងជំរុញការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ឱ្យបានជោគជ័យ ក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានឯកភាពគ្នាថារៀបចំកិច្ចប្រជុំរួមជាមួយក្រុមប្រឹក្សាបច្ចេកទេស ឱ្យបាន១ដងក្នុងមួយត្រីមាស។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា របាយការណ៍ស្តីពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤ ដាក់ជូនរាជរដ្ឋាភិបាលរួចរាល់ ដោយបានឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងឆ្នាំ២០២៤ តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា ជាលទ្ធផលនៃការអនុវត្តគោលនយោបាយ លើគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៩២-១០០-៩៨។ ជារួម ក្រសួង ស្ថាប័ន រាជធានី ខេត្ត បានបង្កើតនិងធ្វើឱ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ថ្នាក់ក្រសួង ស្ថាប័ន និងថ្នាក់រាជធានី ខេត្តទាំងស្រុង។ ដោយឡែក ស្រុក ខណ្ឌ ឃុំ សង្កាត់ មួយចំនួនមិនទាន់បានបង្កើត ឬដំណើរការទាំងស្រុងនៅឡើយ។ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក៏បានខិតខំធ្វើការបញ្រ្ជាបការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្ទើរតែទាំងអស់មិនទាន់ដាក់បញ្ចូលតំណាងអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ និងសង្គមស៊ីវិលក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ខ្លួននៅឡើយ។
មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសេដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាបានបង្កើនទីតាំងធ្វើ តេស្ត និងទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដស៍មួយចំនួនគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ ការផ្តល់ សេវាប្រឹព ក៏មានកំណើន ក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយ។ ចំណុចល្អសម្រាប់កម្ពុជាគឺ ការដាក់ឱ្យប្រើប្រាស់ឱសថ កាបូតេក្រាវៀ ប្រភេទចាក់ដែលចាក់១ដងមានប្រសិទ្ធភាព២ខែ(CAB-PrEP: ជាវិធីបង្ការមុនពេលប្រព្រឹត្តប្រឈម)។ ការគ្របដណ្តប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់អ្នកផ្ទុកមេរោគអេដស៍បានកើនឡើងដល់៧១%។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមប្រឹក្សាបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕