ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ជម្លោះ និងការស្តារសន្តិភាពឡើងវិញ។

(ភ្នំពេញ) ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានថ្លែងប្រាប់អ្នកវិនិយោគគិនថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ជម្លោះ និងការស្តារសន្តិភាពឡើងវិញ ជាមួយប្រទេសជិតខាង ហើយគ្មានហេតុផលណាដែលត្រូវព្រួយបារម្ភនោះទេ។ ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម លី ធុជ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនីយហារកសាងបណ្តាញសង្គម និងធុរកិច្ច ដែលជាព្រឹត្តិការណ៍មួយសំខាន់ក្នុងការកសាងនូវទំនាក់ទំនង និងបង្កើតនូវស្ពានភ្ជាប់រវាងមនុស្ស ស្ថាប័ន និងឱកាស។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃទៀត សម្រាប់ការគាំទ្រ និងការសម្របសម្រួលក្នុងការសម្រេចឱ្យបានបទឈប់បាញ់គ្នា។ ក្នុងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តម លី ធុជ បានអះអាងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាន់ខ្ជាប់នូវគោលជំហរច្បាស់លាស់ក្នុងការគោរពនិងអនុវត្តកិច្ចព្រងព្រៀងបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិភាព និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងបញ្ជាក់ទៀតថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ដោយសារ កត្តាសន្តិភាពនេះហើយ កម្ពុជា អាចកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ និងបានបើកទ្វារទៅកាន់ទីផ្សារថ្មីៗជុំវិញពិភពលោក និងជាកម្លាំងដ៏សំខាន់ក្នុងការជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងតំបន់អាស៊ាន និងអន្តរជាតិ ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់មានប្រសិទ្ធភាព និងទំនើប។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ផ្អែកលើសន្តិភាព និងស្ថិរភាព ទទួលបាន រាជរដ្ឋាភិបាល ពីមួយជំនាន់ទៅមួយជំនាន់ បាននិងកំពុងបន្តលើកកម្ពស់ និងកែលម្អជាប្រចាំនូវយុទ្ធសាស្រ្ត គោលនយោបាយជាតិ និងបង្កើនបរិយាកាសឱ្យសមស្របសម្រាប់ការវិនិយោគ និងអាជីវកម្ម ដែលមានស្ថិរភាព សុវត្ថិភាព និងទាក់ទាញ។ ការកាត់បន្ថយបែបបទនីតិវិធី របបពន្ធ និងការចំណាយមិនចាំបាច់ ត្រូវបានអនុវត្ត ដើម្បីជំរុញឱ្យវិនិយោគិនអន្តរជាតិ ឱ្យទទួលបានអត្ថប្រយោជន៍ជាក់ស្តែងនៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែចាត់ទុកវិនិយោគិន គឺជាដៃគូមិនអាចខ្វះបាន និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយភាពជោគជ័យរបស់វិនិយោគិន មិនត្រឹមតែរួមចំណែកដល់ការពង្រឹងនូវភាពជាដៃគូរវាងគ្នា ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងសម្រេចនូវគោលដៅរួម ក្នុងការលើកកម្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព នាំមកនូវអត្ថប្រយោជន៍រួមសម្រាប់ប្រទេសជាតិ។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នៃការកសាងបណ្តាញសង្គម និងវិនិយោគ នេះ ដែលវាមិនត្រឹមតែជាវេទិកាដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាឱកាសដ៏មានតម្លៃ និងជាសក្ខីភាពដ៏រស់រវើក ក្នុងការចងក្រងបណ្តាញ ការច្នៃប្រឌិត និងការស្វែងរកឱកាសចូលរួមធ្វើអាជីវកម្មជាមួយគ្នា ដែលជាកម្លាំងសំខាន់ក្នុងការបង្កើតភាពធន់ និងការរីកចម្រើនជាបន្តបន្ទាប់របស់សេដ្ឋកិច្ចកម្ពុជា។