ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណដល់ប្រទេសន័រវេស្ស ផ្តល់ថវិកាចំនួន ១,២លានដុល្លារអាមេរិក សម្រាប់គាំទ្រវិស័យសកម្មភាពមីនរយៈពេល ០៣ឆ្នាំ ២០២៥-២០២៧ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណដល់ប្រទេសន័រវេស្ស ផ្តល់ថវិកាចំនួន ១,២លានដុល្លារអាមេរិក សម្រាប់គាំទ្រវិស័យសកម្មភាពមីនរយៈពេល ០៣ឆ្នាំ ២០២៥-២០២៧ ។

ភ្នំពេញ : ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយ លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវេស្សប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់ប្រទេសន័រវេស្ស ដែលបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា និងផ្តល់ថវិកាចំនួន ១,២ លានដុល្លារអាមេរិក សម្រាប់រយៈពេល ០៣ឆ្នាំ ២០២៥-២០២៧។ 

ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសន័រវេស្ស និងចាត់ទុកប្រទេសន័រវេស្ស មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិតរបស់កម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ហើយបាននិងកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមមានទាំងការបោសសម្អាតមីន ការគ្រប់គ្រងទិន្នន័យ ការកសាងសមត្ថភាព និងការសិក្សាស្រាវជ្រាវ ជាដើម និងជួយគាំទ្រកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ដោយផ្ទៃដីរាប់ម៉ឺនហិកតាត្រូវរំដោះចេញពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយមានការរួមចំណែកគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងនោះប្រទេសន័រវេស្ស គឺជាដៃគូលេចធ្លោមួយយ៉ាងសំខាន់។

ជាងនេះទៅទៀត ឯកត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពីសារៈសំខាន់នៃចក្ខុវិស័យដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។ ឯកឧត្តម លី ធុជ បញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី ចង់ឱ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព។

លោកជំទាវ Astrid Emilie Helle បានថ្លែងអំណរគុណចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ក៏ដូចជាភាពជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ លោកជំទាវឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ប្រទេសន័រវេស្ស នឹងបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួន គឺគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាមួយគ្នានោះ លោកជំទាវ Astrid Emilie Helle បានសម្តែងនូវការសោកស្តាយចំពោះផលលំបាកដែលកើតមានឡើងក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ កន្លងទៅនេះ បណ្តាលឱ្យមានមនុស្សស្លាប់ របួស និងមានជនភៀសសឹករាប់ម៉ឺនគ្រួសារត្រូវចាកចេញពីលំនៅដ្ឋាន ព្រមទាំងជូនពរឱ្យតំបន់ព្រំដែនកម្ពុជា-ថៃ ទទួលបានសន្តិភាព។