ឯកឧត្តមទេសរដ្ឋមន្រ្តី  ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតអាហារូបករណ៍មកពីស្រុក បរសេដ្ឋ

រាជធានីភ្នំពេញ ÷  រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹជំងឺអេដស៍ មានប្រសាសន៍សំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ និងបានផ្តាំផ្ញើនិស្សិតអាហារូបករណ៍ថា និស្សិតទាំងអស់មានសំណាងដោយសារកម្ពុជាយើងមានសុខសន្តិភាព។ ដូច្នេះនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ។ ទន្ទឹមនឹងនេះ និស្សិតត្រូវធ្វើជាទូតតំណាងស្រុកបរសេដ្ឋ ឱ្យគេស្គាល់ស្រុកបរសេដ្ឋ ព្រមទាំងចងជាចង្កោមជួយគ្នាក្នុងការរៀនសូត្រផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំថា លើសពីការខំរៀនសូត្រឱ្យចប់ការសិក្សាបានសញ្ញាបត្របរិញ្ញាបត្រ ត្រូវរកការងារធ្វើ ហើយបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុង ឬក្រៅប្រទេស ដើម្បីជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិ ហើយសូមដើរតាមគន្លងការណែនាំរបស់អ្នកជំនាន់មុន។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានមតិចំណាប់អារម្មណ៍ដោយបានណែនាំនិងផ្តាំផ្ញើនិស្សិតអាហារូករណ៍ទាំងអស់ខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង លើកស្ទួយគ្រួសារ និងសង្គមជាតិ៕