ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណដល់សប្បុរសជនដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងការរួមចំណែកជួយដល់ប្រជាពលរដ្ឋភៀសសឹក។

(ភ្នំពេញ) ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណជូនចំពោះសប្បុរសជន ដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃវិបត្តិនៅតាមបណ្តោយព្រំដែន ក្នុងការរួមចំណែកជួយដល់ប្រជាពលរដ្ឋភៀសសឹក។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់សប្បុរសជន មិនថាជាបុគ្គល អង្គការ-ស្ថាប័ន សហគមន៍ ឬដៃគូអន្តរជាតិ ដែលបានចូលរួមប្រកបដោយក្តីមេត្តា និងឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរ ដើម្បីឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹក។ ជំនួយដែលបានផ្តល់ បានទៅដល់ដៃរបស់ប្រជាជន អ្វីដែលសំខាន់មួយទៀតនោះ គឺទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូនចំពោះប្រជាជនរងគ្រោះ ក្នុងគោលដៅលើកទឹកចិត្ត ការពារសេចក្តីថ្លៃថ្នូរ និងផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ក្នុងស្ថានភាពដ៏លំបាក។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់ និងពលីគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យភាពកម្ពុជាពីការឈ្លានពានរបស់យោធាថៃ នាពេលថ្មីៗនេះ។ ឯកឧត្តម លី ធុជ បានចាត់ទុកវីរៈកងទ័ពកម្ពុជា គឺជាតំណាងនៃស្មារតី និងដួងព្រលឹងនៃប្រទេសជាតិ ក្នុងការធានាថា ទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហោះឡើងប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយប្រជាជនកម្ពុជា នៅតែមានភាពជឿជាក់លើកម្លាំង និងសន្តិសុខជាតិ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ក្នុងអំឡុងពេលដ៏លំបាកនេះផងដែរ កម្ពុជា នៅតែបន្តបោះជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និងធានាមិនឱ្យបាត់បង់ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេច បានការពារទាំងអធិបតេយ្យភាពជាតិ ប្រកបដោយភាពថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ និងកាតព្វកិច្ចមនុស្សធម៌ ជូនចំពោះប្រជាជន និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ។
ជាចុងបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមីន ព្រមទាំងប្រជាជនដែលទទួលបានជំនួយ និងការគាំទ្រមនុស្សធម៌ ក្នុងអំឡុងពេលដ៏លំបាកនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ចំពោះទឹកចិត្តសប្បុរស និងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋភៀសសឹក ដែលទង្វើនេះ ពិតជាបានបង្ហាញពីសាមគ្គីភាពជាតិ និងសេចក្តីមេត្តាករុណា ក៏ដូចជាការរីកចម្រើនរបស់សង្គមជាតិយើង។