ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងប្រាប់ឯកអគ្គរាជទូតម៉ាឡេស៊ីថា ការបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តតាមកិច្ចការអាទិភាព ដោយផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ។

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម Shaharuddin Onn បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោសសម្អាតមីន និងភាពជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ា នាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់ថា ការបោសសម្អាតមីន គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ដើម្បីផ្តល់ដីប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម Shaharuddin Onn បានថ្លែងទៀតថា ថ្មីៗនេះ ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ តាងនាមប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន និងជាមិត្តភ័កត្តិល្អរបស់កម្ពុជា និងប្រទេសថៃ ម៉ាឡេស៊ី បានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងចិន ហើយម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យបទឈប់បាញ់នេះទទួលបាននិរន្តភាព និងសុខសន្តិភាពរវាងកម្ពុជា-ថៃ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ីដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ព្រមទាំងថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុននានារបស់ម៉ាឡេស៊ី ដែលបានចូលរួមគាំទ្រដល់កិច្ចការសកម្មភាពមីននាពេលកន្លងមក ក្នុងនោះរួម អង្គភាព Khmer Times សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) និងធនាគារ MayBank ជាដើម។

ឯកឧត្តម លី ធុជ បានលើកឡើងថា បញ្ហាមីននៅកម្ពុជា មានភាពស្មុគស្មាញខ្លាំង ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់រងផលប៉ះពាល់ខ្ពស់ និងមានមីនក្រាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលា និងធនធានច្រើនសម្រាប់ធ្វើការបោសសម្អាត។ ឯកឧត្តមបន្តទៀតថា កម្ពុជា កំពុងបន្តការងារបោសសម្អាតមីននេះ តាមកិច្ចការអាទិភាពដែលបានកំណត់ ជាពិសេសផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ។