ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមផ្សព្វផ្សាយសន្តិភាពសកល និងមូលនិធិអាប៉ូឡូ ដែល​មកសិក្សាឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម​​បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតចិនសិក្សា​ដែល​កំពុង​នៅ​សហរដ្ឋ​អាមេរិក​ នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advocates Team) និងមូល​និធិអាប៉ូឡូ (Apollo Foundation) ដែលបានមកសិក្សាឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ដំណើរ​ទស្សនកិច្ច​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សម្របសម្រួល​របស់​ក្រុមហ៊ុន​ Global Sunshine Group ដែល​បាន​និង​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរមីន បានធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង ៣០ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការងារបោស សម្អាត​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោស​សម្អាតមីននេះ អាចដំណើរការបានគ្រប់ជ្រុងជ្រោយ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហា​មីន​ដែលនៅសេសសល់ រាជរដ្ឋាភិបាលអាណត្តិទី៧របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និងដឹកនាំឥតងាករេ ជាមួយ​នឹង​ការដាក់ចេញនូវចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ ដែលអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់ក្រុមនិស្សិតចិនថា ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន ការរួម ចំណែករបស់ប្រទេសជា​មិត្ត​ ដៃគូអភិវឌ្ឍន៍ និង​សប្បុរសជន​នានា​ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់។

ក្នុងឱកាស​នោះ​ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យក្រុមនិស្សិតចិនដែល​មកទស្សនកិច្ចនៅកម្ពុជា គាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់កម្ពុជា នាពេលកន្លងមក ក្នុងនោះ​រួមទាំងការងារបោសសម្អាតមីន ផងដែរ៕