ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន មិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភពលោកទាំងមូល។

(ភ្នំពេញ) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនមិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភពលោកទាំងមូល។ ការលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ (GPI) និងអង្គការដោះមីនកម្ពុជា (CSHD) ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តសៀមរាប។
ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុកវិស័យសកម្មភាពមីន ជាការរួមចំណែកក្នុងការលើកកម្ពស់មិនត្រឹមតែផ្តល់សុខសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាព គាំទ្រដល់សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាដើម។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ តាមរយៈការរួមចំណែកក្នុងការដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសូមកោតសរសើរ និងវាយតម្លៃចំពោះការគាំទ្ររបស់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានផ្តល់នូវទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងបានរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការជួយសង្រ្គោះអាយុជីវិត ការស្តារសហគមន៍ឡើងវិញ ការបង្កើតសេចក្តីសង្ឃឹមថ្មី និងកសាងភាពថ្លៃថ្នូរ ជាពិសេសរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្តេជ្ញាចិត្តកសាងអនាគតមួយដែលប្រជាជនកម្ពុជាគ្មានការភ័យខ្លាចពីគ្រាប់មីន។
ពិធីនេះ ប្រព្រឹត្តិទៅនៅទីស្នាក់អាជ្ញាធរមីន ដែលចុះហត្ថលេខាដោយ អាជ្ញាធរមីន តំណាងដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ តំណាងដោយ លោក Lee Jongsun អនុប្រធាន និងអង្គការដោះមីនកម្ពុជា តំណាងដោយ លោក អ៊ឹង សុខចេង នាយិការប្រតិបត្តិ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងការជំរុញលទ្ធភាពទទួលបានដីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។