ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ លោក Philip O’Hara ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេស (FCDO) ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។

(ភ្នំពេញ) ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Philip O’Hara ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេស (FCDO) ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្រោមជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស។

ក្នុងជំនួបនោះ អង្គប្រជុំ បានផ្តោតលើការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងបោសសម្អាតមីនក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស ក្នុងនោះរួមមានទាំងការគាំទ្រដល់អង្គការ APOPO សម្រាប់ការអនុវត្តគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ផងដែរ ហើយ របាយការណ៍វាយតម្លៃ នឹងត្រូវរៀបចំដាក់ជូនរាជរដ្ឋាភិបាលអង់គ្លេស ដើម្បីធ្វើការពិនិត្យ និងពិចារណាលើការផ្តល់ជំនួយបន្ត ដែលនឹងត្រូវប្រជុំអនុម័តនៅក្នុង២០២៧ ខាងមុខ។

លោក Philip O’Hara បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជា ដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេសតាមរយៈក្រសួងការបរទេសអង់គ្លេស (FCDO) ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងបោសសម្អាតមីនមនុស្សធម៌នេះ ក៏ដូចជាបានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់កិច្ចសហការក្នុងការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ និងលេចធ្លោ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលើសកម្មភាពមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តម លី ធុជ បានបន្តលើកឡើងថា ក្នុងចំណោមការគាំទ្ររបស់អង់គ្លេស គម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ដែលកំពុងអនុវត្តដោយអង្គការ APOPO ពិតជាមានសារៈសំខាន់ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ផងដែរ។