ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ «កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព» ថ្លែងក្នុងកិច្ចជំនួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យ ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរ សម និងជម្រាបលាក្នុងពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ចប់ការងារនិងអាណត្តិ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសវនការ គ.ស.ម.ក. ។
ឯកឧត្តម Jang Yun Gon បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី និងបានកោតសរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាស្ថានទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ.ស.ម.ក.។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការសោកស្ដាយដែលមិនបានចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដែលរៀបចំដោយសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជូនពរ ឯកឧត្តមទេសរដ្ឋមន្រ្តី ទទួលបានលទ្ធផលជោគជ័យខ្ពស់ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលចូលសម្ដែងការគួរសម និងជម្រាបលាក្នុងពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ចប់ការងារនិងអាណត្តិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏សម្ដែងការសោកស្ដាយដែល ឯកឧត្តមឯកអគ្គរដ្ឋទូត មិនបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍នេះនឹងបង្ហាញឱ្យឃើញថា «កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព»៕