ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា-ស៊ីប រយៈពេល២៥ឆ្នាំ ដោយបានប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ

(ភ្នំពេញ) ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីរលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋស៊ីប ដែលការប្រារព្ធនេះ បានបង្ហាញពីស្មារតីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០០ ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រីកទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌។

ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា-ស៊ីប រយៈពេល២៥ឆ្នាំ ដែលទំនាក់ទំនងការទូតនេះ បានប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានថ្លែងអរគុណចំពោះការគាំទ្ររបស់សាធារណរដ្ឋស៊ីប ក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ រួមទាំងសកម្មភាពមីន ដែលបានរួមចំណែកដល់ការស្តារ និងការអភិវឌ្ឍរបស់កម្ពុជា ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយសាធារណរដ្ឋស៊ីប ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ ជាដើម។ ឯកឧត្តមបន្តទៀតថា កម្ពុជា សូមស្វាគមន៍ចំពោះធុរកិច្ច និងពលរដ្ឋនៃប្រទេសស៊ីប ក្នុងការស្វែងរកឱកាសនៅកម្ពុជា និងលើកទឹកចិត្តឱ្យប្រជាជនកម្ពុជានិងស៊ីប បង្កើតនូវទំនាក់ទំនងរវាងគ្នាកាន់តែជិតស្និទ្ធ ក្នុងអំឡុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ផងដែរ។

ជាមួយគ្នានេះ ក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាក៏បានស្វែងរកការពង្រឹងទំនាក់ទំនងរវាងប្លុកតំបន់អាស៊ាន និងសហភាពអឺរ៉ុប ដេីម្បីបង្កើតឱកាសសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យ និងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។