ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP)។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ចូលជួបពិភាក្សាការងារ និងសំដែងការគួរសម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

ជំនួបនេះប្រព្រឹត្តទៅក្នុងអំឡុងពេលដែលលោកជំទាវ Armida Salsiah Alisjahbana អញ្ជើញមកកាន់កម្ពុជាដើម្បីចូលរួម «កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់នៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយ UN-ESCAP និងការិយាល័យតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRLLS)។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវ Armida Salsiah Alisjahbana ព្រមទាំងUN-ESCAP ដែលបានជ្រើសរើសកម្ពុជាជាដៃគូសហការរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលនេះបង្ហាញពីការផ្តល់ទំនុកចិត្តរបស់អង្គការសហប្រជាជាតិ មកលើរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ UN-ESCAP ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយបន្ន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការគាំទ្រដល់កម្ពុជា ដើម្បីឱ្យធានាបានការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចដោយរលូន និងប្រកបដោយចីរភាព។

ពាក់ព័ន្ធនឹងសកម្មភាពមីន ឯកឧត្តមបានថ្លែងអំណរគុណ UN-ESCAP ដែលបានផ្តល់ការគាំទ្រក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ឯកឧត្តមគូសបញ្ជាក់ថា គោលនយោបាយនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំរបស់កម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចបានការរំដោះផ្ទៃដីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងស្រុង និងត្រៀមខ្លួនជាស្រេចក្នុងដំណាក់កាលគ្រប់គ្រងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ឱ្យបានជោគជ័យ។

ឯកឧត្តមលើកឡើងថា ការគាំទ្ររបស់ UN-ESCAP ក្នុងការរៀបចំគោលនយោបាយសកម្មភាពមីន បានគូសបញ្ជាប់ពីសារៈសំខាន់នៃវិស័យសកម្មភាពមីន ចំពោះការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាបន្ន។ ក្នុងន័យនេះផងដែរ តាមរយៈលោកជំទាវ Armida Salsiah Alisjahbana ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យ UN-ESCAP ពិចារណាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែមចំពោះវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសក្នុងកិច្ចសង្គ្រោះជនរងគ្រោះរួមទាំងការធ្វើបរិយាបន្នសេដ្ឋកិច្ចសង្គមសម្រាប់ជនរងគ្រោះ និងការចែករំលែកចំណេះដឹងនិងជំនាញរបស់កម្ពុជាទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

ជាការឆ្លើយតប លោកជំទាវ Armida Salsiah Alisjahbana បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់អាស៊ី ប៉ាស៊ីហ្វិក ។