ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសំណេះ សំណាលជាមួយបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥

ខេត្តបាត់ដំបង៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគាស់ក្រឡ ព្រម ទាំង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកគាស់ក្រឡ បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាស្រុកគាស់ក្រឡ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹក នាំប្រទេសឱ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំល្អបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍរបស់ប្រទេស។ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ក្នុងការលើក កម្ពស់វិស័យអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយ បានដាក់ចេញនូវកម្មវិធីនយោបាយ គោលនយោបាយ និងយុទ្ធសាស្រ្តនានា សំដៅធ្វើកាអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពខ្ពស់ ក្រមសីលធម៌ និងមានសុខភាពល្អ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ផ្ដើមចេញពីកត្តាសុខសន្តិភាពពេញលេញ យើងអាចមើលឃើញនូវការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា តាមរយៈការ បង្កើតឱ្យមានវិទ្យាល័យនៅគ្រប់ស្រុក និងមានសាលា រៀននៅគ្រប់ឃុំទូទាំងប្រទេស ដែលបានជួយសម្រួលដល់សិស្សនៅតាមជនបទឆ្ងាយ ជាពិសេសសិស្សស្រី អាចមានឱកាសបានចូលរៀនគ្រប់ៗគ្នា ហើយក៏មានអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីនៅតំបន់ខ្លះ និងការអភិវឌ្ឍកម្មវិធីសិក្សាតាមស្តង់ដាទំនើប។ បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញគោលដៅនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនដល់យុវជនចំនួន ១.៥លាននាក់ មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដោយទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល សំដៅនូវធនធាន មនុស្សដែលមានសមត្ថភាពជំនាញពិតប្រាកដ សម្រាប់តម្រូវតាមទីផ្សារការងារជាក់ស្ដែង។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ ឆ្នាំសិក្សា២០២៤-២០២៥ថ្មីៗនេះ ស្រុកគាស់ក្រឡ មានបេក្ខជនប្រឡងសរុប ចំនួន ១៩៨នាក់ (ស្រី ១០៨នាក់) បានប្រឡងជាប់ចំនួន ១៦២ នាក់ ស្មើនឹង ៨០% ក្នុងនោះសិស្សស្រី ៩៤នាក់ ស្មើនឹង ៨៧,០៣%។ អ្នកជាប់និទ្ទេស A មានចំនួន ១នាក់(ប្រុស), និទ្ទេស B ចំនួន ៤នាក់ (ស្រី ១នាក់), និទ្ទេស C ចំនួន ៤០នាក់ (ស្រី ២៥នាក់), និទ្ទេស D ចំនួន ៧១នាក់ (ស្រី ៥១នាក់), និងនិទ្ទេស E ចំនួន ៤៦នាក់ (ស្រី ១៧នាក់)។
ជាចុងក្រោយឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំសិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំរៀនសូត្របន្ថែម ដើម្បីបន្តចូលមហាវិទ្យាល័យ ផ្សេងៗ ឈានទៅក្លាយជាធនធាន មនុស្សល្អនៅក្នុងសង្គមជាតិ៕