ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា ២០២៦-២០២៧

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋហុងគ្រី (Stipendium Hungaricum Scholarships) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចំនួន ២៣ រូប (ស្រី ០៨ រូប) មុនពេលនិស្សិតទាំង២៣នាក់នឹងចេញដំណើរទៅបន្តការសិក្សានៅប្រទេសហុងគ្រី នាចុងខែសីហា ខាងមុខនេះ។

លោក យឿង សាក់ តំណាងនិស្សិតជ័យលាភី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសម និងទទួលបាននូវបទពិសោធន៍ ទស្សនវិស័យដឹកនាំ ព្រមទាំងអនុសាសន៍ល្អៗ សម្រាប់ធ្វើជាប្រទីបបំភ្លឺផ្លូវក្នុងការសិក្សានៅបរទេស។

តំណាងនិស្សិតបានរាយការណ៍ថា កម្មវិធី Stipendium Hungaricum Scholarships គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលហុងគ្រី និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣ ដោយផ្តល់អាហារូបករណ៍រហូតដល់ ៣០ កន្លែងក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នេះ ក្រុមនិស្សិតជ័យលាភីទាំង ២៣ រូប មានសមាសភាពជាមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសិស្ស-និស្សិត ដែលនឹងត្រូវទៅបន្តការសិក្សាលើមុខជំនាញសំខាន់ៗជាច្រើន រួមមាន៖ វិទ្យាសាស្ត្រអប់រំ វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្របរិស្ថាន ឱសថវិទ្យា ទំនាក់ទំនងអន្តរជាតិ គណនេយ្យនិងសវនកម្ម វិស្វកម្ម និងសុខាភិបាល ជាដើម។

ក្នុងឱកាសដ៏រីករាយនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនចំពោះក្មួយៗនិស្សិតជ័យលាភី និងក្រុមគ្រួសារទាំងអស់។ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានកោតសរសើរដោយស្មោះចំពោះចៅៗ-ក្មួយៗជ័យលាភី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព រហូតឆ្លងផុតការប្រឡងជ្រើសរើសយ៉ាងសម្រិតសម្រាំង និងទទួលបានអាហារូបករណ៍លំដាប់ជាន់ខ្ពស់នេះ ដើម្បីទៅបន្តការសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងសាធារណរដ្ឋហុងគ្រី ដែលជាប្រទេសមានស្តង់ដារអប់រំខ្ពស់ស្របតាមបទដ្ឋានសហភាពអឺរ៉ុប (EU)។

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមនិស្សិត ក្រោមការដឹកនាំសម្របសម្រួលរបស់លោក យឿង សាក់ តំណាងនិស្សិតជ័យលាភី ដែលបានស្នើសុំជំនួបសំណេះសំណាលនេះឡើង ដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងទទួលយកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំ ស្របតាមទស្សនវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។

តាងនាមរដ្ឋសភា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋហុងគ្រី ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសតាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានគូសបញ្ជាក់ថា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលហុងគ្រីបានផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាជិត ៤០០នាក់ លើជំនាញសំខាន់ៗជាច្រើន ដែលក្រោយពីបញ្ចប់ការសិក្សា ធនធានមនុស្សទាំងនោះបានត្រឡប់មកបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបេសកកម្មវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

ជាទីបញ្ចប់ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនិស្សិតជ័យលាភីទាំងអស់ នឹងខិតខំក្រសោបយកចំណេះដឹង បច្ចេកវិទ្យាទំនើប និងបទពិសោធន៍ល្អៗពីប្រទេសហុងគ្រី ដើម្បីត្រឡប់មកវិញ ធ្វើជាសសរទ្រូងយ៉ាងរឹងមាំក្នុងការកសាងមូលធនមនុស្ស និងអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរុងរឿងនាពេលអនាគត៕