ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គូសបញ្ជាក់ពីមោទនភាពនៃសមិទ្ធផលរដ្ឋសភានីតិកាលទី៧ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋ
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់ ក្នុងស្រុកមេសាង ខេត្តព្រៃវែង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃស្ថាប័ននីតិប្បញ្ញត្តិ ដែលសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ។
ឯកឧត្តមអនុប្រធានទី ១ បានបន្តថា រដ្ឋសភាកម្ពុជាកំពុងវិវត្តខ្លួនយ៉ាងសកម្មក្នុងរបត់ថ្មីគួរឱ្យមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជាកាន់តំណែងជាប្រធានរដ្ឋសភា។ ក្រោមការដឹកនាំរបស់សម្តេចប្រធាន រដ្ឋសភាបាននិងកំពុងជំរុញការធ្វើទំនើបកម្មស្ថាប័នយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងរឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជាពិសេស ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល ដែលបានអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” យ៉ាងស្វាហាប់ ដោយផ្ដោតលើអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដើម្បីកសាងគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីតួនាទីរបស់តំណាងរាស្ត្រ ឯកឧត្តមលោកអនុប្រធានទី១ រដ្ឋសភាបានពន្យល់ពីភារកិច្ចស្នូលចំនួន ៣ របស់អ្នកតំណាងរាស្ត្រ រួមមាន ការពិភាក្សា និងអនុម័តច្បាប់តាមរយ:ការបង្កើតក្របខណ្ឌគតិយុត្តសម្រាប់ជាតិ,មុខងារការតាមដានការអនុវត្តច្បាប់ដោយ ធានាធ្វើឱ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងរដ្ឋបាលសាធារណៈនិងមុខងារភាពជាតំណាង ដែលជានិច្ចកាលអ្នកតំណាងរៀបទាំងអស់តែងតែចុះមូលដ្ឋានជាប់ជាប្រចាំដើម្បីស្តាប់ និងជួយដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្កត់ធ្ងន់លើ ឆន្ទៈនយោបាយមុតស្រួច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដោះស្រាយបញ្ហាដោយសន្តិវិធី និងការតម្កល់ផលប្រយោជន៍ជាតិជាធំ រហូតសម្រេចបាននូវបទឈប់បាញ់ទាំងស្រុង និងភាពស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែនកាលពីចុងឆ្នាំ២០២៥ ដែលជាជោគជ័យដ៏ធំធេងក្នុងការការពារបូរណភាពទឹកដី។
ជាកិច្ចបញ្ចប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជា ពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតគ្រប់គ្នា ៕



