ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះ សំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋស្រុកពោធិ៍រៀង ខេត្តព្រៃវែង
នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ព្រមទាំងតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ នៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពាធិ៍រៀង ឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត គឹម សន្តិភាព នាយកខុដ្ឋកាល័យ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងអជ្ញាធរដែនដី និងប្រជាពលរដ្ឋស្រុកពោធិ៍រៀង។
បន្ទាប់ពីលោក ម៉ៅ គឹមឡុង ប្រធានក្រុមប្រឹក្សាស្រុកពោធិ៍រៀង បានជម្រាបជូនពីស្ថានភាពទូទៅនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពោធិ៍រៀង រួចមក
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងឱ្យតំណាង រាស្ត្រទាំង១០រូប នៃមណ្ឌលខេត្តព្រៃវែង បានសម្តែងនូវការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកពោធិ៍រៀង ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានអញ្ជើញទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡើងពីរដ្ឋសភាជាតិ ក្នុងនីតិកាលទី៧ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីទី១ បានទទួលតំណែងដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភា ដែលបានបង្កើតនូវសមិទ្ឌិផលថ្មីជាច្រើនទៀតដើម្បីអភិវឌ្ឍស្ថាប័ននីតិប្បញ្ញត្តិអោយមានការរីកចម្រើនជាលំដាប់ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលមានរយៈពេល៥ឆ្នាំ (២០២៣ ដល់២០២៨) ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយ។
ឯកឧត្តម បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេន ពីសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ផ្តោតលើអាទិភាពសំខាន់ៗចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា សម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ពោរពេញដោយសមត្ថភាពដ៍ខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិត ហើយសម្រេចបានសមិទ្ធផលជាច្រើន ឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ថា រាជ រដ្ឋាភិបាលបាននិងកំពុងដើរលើគន្លងដ៏វិជ្ជមាន និងត្រឹមត្រូវមួយ។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ លេចធ្លោជាច្រើន។ នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូនប្រជាពលរដ្ឋស្រុកពោធិ៍រៀង ពីសភាពការណ៍ថ្មីៗនៅក្នុងពិភពលោក និងនៅក្នុងតំបន់។
ឯកឧត្តម បានបន្តថាកន្លងទៅថ្មីៗនេះរដ្ឋាភិបាលកម្ពុជាសម្រេច បាននូវលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបពិភាក្សា រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាន កាល ពីវេលារំលងអាធ្រាតម៉ោង ២៤:០០នាទីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានបញ្ឈប់ការប្រយុទ្ធតតាំងគ្នាទាំងស្រុង។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានផ្តួចផ្តើមគំនិតបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជានិងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យ បានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជានិងថៃ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរ គុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អីប្រាហ៊ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីរបស់តំណាងភាគីចិន និសសហរដ្ឋអាមេរិកផងដែរ បានធ្វើឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។ឯកឧត្តម បានបន្តែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញការដោះស្រាយបញ្ហាព្រំដែនដោយឈរលើឆន្ទៈនយោបាយរឹងមាំនិងមុតស្រួចប្រកបដោយជំនាញបច្ចេកទេស ខ្ពស់និងការតម្កល់ផល ប្រយោជន៍ជាតិរួមជាធំព្រោះកម្ពុជាចាំបាច់ត្រូវបន្តការការពារអធិបតេយ្យភាព បូរណភាពជាតិ រក្សាបាននូវសុខសន្តិភាពនិង ស្ថិរភាពនយោបាយជាមួយអន្តរជាតិនិងប្រទេសជិតខាងផងដែរ៕



