ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបឯកឧត្តមឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញ ដំណើរទៅបំពេញបេសកកម្ម

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទទួលជួប ឯកឧត្តមឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំនួន ២ រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញដំណើរទៅបំពេញបេសកកម្ម ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថាក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសូមសម្តែង នូវក្តីសោមនស្សរីករាយ អបអរសាទរ និងសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានមកកាន់វិមានរដ្ឋសភា របស់ឯកឧត្តមទំាង ពីររូប ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តចាត់តំាង ជាឯកអគ្គរាជទូតរបស់កម្ពុជាគឺទី១ ឯកឧត្តម ឃួន ផុនរតន: ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងទី២ ឯកឧត្តម សោម វិសាល ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រទេសអារ៉ាប់ប៊ីសាអូឌីត ព្រះរាជាណាចក្រម៉ារ៉ុក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី សហភាពអាហ្រិក និងប្រទេស អូម៉ង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។ ឯកឧត្តម បានបន្តថា ដូចឯកឧត្តមឯកអគ្គរាជទូត ជ្រាបហើយថា ពិភព លោកក្នុងសតវត្សទី២១នេះ កំពុងប្រឈមនឹងវិបត្តិជាច្រើនដូចជាសង្រ្គាមសេដ្ឋកិច្ច ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាពិសេសជម្លោះប្រដាប់អាវុធ និងជម្លោះសាសនា ការចុះទន់ខ្សោយនៃប្រព័ន្ធពហុភាគីនិយម វិបត្តិមនុស្សធម៌ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ជម្ងឺឆ្លង គម្លាតសង្គម និងភាពក្រីក្រ។ល។ ជម្លោះទាំងនេះ កើតឡើងដោយសារការមិនចុះសម្រុង និងមិនយោគយល់គ្នា ដែល បង្កឱ្យមានការរាំងស្ទះដល់ភាពរីកចម្រើនរបស់សង្គម។ ដូចនេះ ការទៅបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមនាពេលនេះ ចាំបាច់ត្រូវយល់ដឹងអំពីទិដ្ឋភាព និងនិន្នាការវិវត្តរបស់ សកលលោក ដែលកំពុងតែមាន និងប្រែប្រួលយ៉ាងឆាប់រហ័សនេះ ឱ្យបានទាន់ពេលវេលា សម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្សាំខ្លួនរៀបចំ យុទ្ធសាស្ត្រឆ្លើយតប និងស្វែងរកកាលានុវត្តភាពនានា ដើម្បីផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភព លោក ជាពិសេសបណ្តាប្រទេសដែលឯកឧត្តមឯកអគ្គរាជទូត មានការទទួលខុសត្រូវដោយផ្ទាល់។ ឯកឧត្តម បានជម្រាបជូនថា ឯកឧត្តមឯកអគ្គរាជទូត ត្រូវមានតួនាទីពហុវិស័យ ដូចជាការទូតនយោបាយ ការទូតសភា ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ សិល្បះ សាសនា ការទូតទេសចរ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ទន្ទឹមនឹងនោះឯកឧត្តមឯកអគ្គរាជទូត ក៏មានភារកិច្ចធ្វើយ៉ាងណាបន្តផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលទៅកាន់ពិភព លោក ជាពិសេសប្រាសាទអង្គរវត្តរបស់យើង និងទាក់ទាញប្រជាជន នៃបណ្តាប្រទេសទាំងនោះមកលេងប្រទេសកម្ពុជាយើង។ ព្រមពេលជាមួយគ្នានេះ សូម ឯកឧត្តមឯកអគ្គរាជទូត សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលវិនិយោគនៃបណ្តាប្រទេសនីមួយៗ និងសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា យើង ដើម្បីណែនាំអ្នកវិនិយោគនៃបណ្តាប្រទេសទាំងនេះមកបណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសយើង។លើសពីនេះទៀត ជាការពិតណាស់ គឺថាស្ថានទូតជាតំណាងដ៏ពិសេសរបស់ប្រទេសមួយ ហើយក៏ចាត់ទុកជាអាណាព្យា បាលផ្ទាល់របស់ពលរដ្ឋនៃប្រទេសរបស់ខ្លួនផងដែរ។ ដូចនេះ ការយកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរយើងដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រនៅតាមប្រទេសនីមួយៗ គឺជាការចាំបាច់និងសំខាន់បំផុត សំដៅធ្វើយ៉ាងណាឱ្យពួកគេទទួលបានការពេញចិត្ត ស្របនឹងសុភាសិតខ្មែរ ពោលថា “នៅផ្ទះម្តាយទីទៃទៅព្រៃ ម្តាយតែមួយ”។ ឯកឧត្តម សូមជម្រាបឯកឧត្តមឯកអគ្គរាជទូត ជ្រាបផងដែរថា អាណត្តិនៃរដ្ឋសភា នីតិកាលទី៧ មានរយៈ ពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងអាណត្តិទី៧ នេះ រដ្ឋសភា គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទ

ទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានបំពេញមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូតសភាជាដើម។ ឯកឧត្តម បានបន្ថែមថា ក្នុងន័យនេះ សូមឯកឧត្តមឯកអគ្គរាជទូតត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណា ខិតខំពង្រឹងនិងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិយើង ក៏ដូចជាតំបន់ និងសកលលោកផងដែរ។ ជាមួយគ្នានេះ សូមឯកឧត្តមឯកអគ្គរាជទូត ចូលរួមលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភានៃព្រះរាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសទាំងអស់ ឱ្យកាន់តែសកម្ម និងជិតស្និទ្ធថែមទៀត។