ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញជួបសំណេះ សំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ព្រមទាំងតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បន្ទាប់ពីលោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្របែក បានជម្រាបជូនពីស្ថានភាពទូទៅនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្របែក រួចមក
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងឱ្យតំណាងរាស្ត្រទាំង១០រូប នៃមណ្ឌលខេត្តព្រៃវែង បានសម្តែងនូវការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកកំពង់ត្របែក ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានអញ្ជើញទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡេីងពីរដ្ឋសភាជាតិ ក្នុងនីតិកាលទី៧ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីទី១ បានទទួលតំណែងដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភា ហើយរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ។
នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូនប្រជាពលរដ្ឋស្រុកកំពង់ត្របែកពីសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ដែលកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ យោធាថៃ បានបាញ់យោធាកម្ពុជា នៅតំបន់មុំបី នៃខេត្តព្រះវិហារ ហើយបង្កើតជាជម្លោះបន្តបន្ទាប់ រហូតផ្ទុះអាវុធនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ថៃបង្កហេតុ និងបង្កើតជម្លោះមកលើកម្ពុជាមុន ហើយមុនឈានដល់ការផ្ទុះអាវុធគឺភាគីថៃបានបិទព្រំដែនជាឯកតោភាគី និងបានប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ក្នុងការដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែវាមិនបានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ភ័យខ្លាច និងចុះញ៉មឡើយ ផ្ទុយទៅវិញរាជរដ្ឋាភិបាលកម្ពុជា បានវាយបកតបតវិញទៅភាគីថៃយ៉ាងចាស់ដៃ។ ជាលទ្ធផលរយៈពេលជិត ២ខែ ភាគីថៃ មិនអាចធ្វើអ្វីមកលើកម្ពុជាឡើយ។ ដោយសារភាគីថៃធ្លាប់មានគំនិតមើលស្រាលលើកម្ពុជា និងប្រើប្រាស់យុទ្ធសាស្រ្តអស់ហើយនោះ ភាគីថៃក៏ប្រើប្រាស់ស្នៀតចុងក្រោយ ដើម្បីគាបសង្កត់មកលើកម្ពុជាតាម រយៈការប្រើប្រាស់កម្លាំងយោធា។
ឯកឧត្តម បានបន្តថាកន្លងទៅថ្មីៗនេះរដ្ឋាភិបាលកម្ពុជាសម្រេច បាននូវលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបពិភាក្សា រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាន កាលពីវេលារំលងអាធ្រាតម៉ោង ២៤:០០នាទីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានបញ្ឈប់ការប្រយុទ្ធតតាំងគ្នាទាំងស្រុង។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានផ្តួចផ្តើមគំនិតបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជានិងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យ បានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជានិងថៃ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អីប្រាហ៊ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីរបស់តំណាងភាគីចិន និសសហរដ្ឋអាមេរិកផងដែរ បានធ្វើឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព៕