ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា

នាព្រឹកថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភា-ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ 

អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិនិត្យពិភាក្សា លើសកម្មភាពចូលរួមចំណែក លើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខ និងជួយប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ ដែលកំពុងជួបប្រទះនូវការលំបាក។

ជាកិច្ចចាប់ផ្ដើមគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការគោរពវិញ្ញាណក្ខន្ធ ចំពោះវីរៈយុទ្ធជនពលី  ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងសូមលើកទឹកចិត្ត ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ក្នុងការចុះបំពេញបេសកកម្ម ផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពស្នេហាជាតិ ដែលកំពុងឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃឱ្យបានសស្រាក់សស្រាំ ជាការរួមចំណែករបស់អ្នកនៅជួរក្រោយបន្តគំាទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋភៀសសឹកដែលបានចាកចោលផ្ទះសម្បែង មករស់នៅទីតាំងមានសុវត្ថិភាព។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកឡើងពីការគំាទ្រ និងថ្លែងអំណរគុណយ៉ាងពេញទំហឹង ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដែលបានព្រមព្រៀងគ្នាទទួលយកនូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងបានចូលជាធរមាននៅវេលាម៉ោង ២៤:០០នាទី យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក  និងមាន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលរៀបចំទីកន្លែងកិច្ចប្រជុំ ក៏ដូចជារដ្ឋាភិបាលចិននិងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានជំរុញ គាំទ្រ បង្កើតឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។ 

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្ដែងនូវការដឹងគុណជូនវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូ ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ពិសេសក៏សូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះវីរៈភាពដឹកនាំប្រកបដោយភាពវៀងវៃ និងមនសិកាស្នេហាជាតិដ៏ស្មោះស ខ្ពង់ខ្ពស់បំផុត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងស្ថានការណ៍របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានឯកភាពគ្នា សម្រេចរៀបចំគណៈប្រតិភូរដ្ឋសភា ដើម្បីចុះជួបសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភផ្សេងៗ ជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តព្រះវិហារនាពេលខាងមុខឆាប់ៗនេះ៕