ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រួមជាមួយតំណាង រាស្ត្រមណ្ឌលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋស្រុកកញ្ច្រៀច ខេត្តព្រៃវែង

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ នៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងឱ្យតំណាងរាស្ត្រទាំង១០រូប មកពីមណ្ឌលខេត្តព្រៃវែង បានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកកញ្ច្រៀច ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានអញ្ជើញទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡេីងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ សព្វថ្ងៃ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ៕