ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម៖ ការកែសម្រួលសមាសភាពថ្នាក់ដឹកនាំសមាគមតាមខេត្ត ដើម្បីផ្តល់ការយកចិត្តទុកដាក់ជូនអតីតយុទ្ធជន និងនិវត្តជន 

តាកែវ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ។

ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍ និងបានសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តតាកែវ។

ក្នុងឱកាសនេះ ឯកឧត្តម វ៉ី សំណាង ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ៧រូប និងសមាជិក-សមាជិកាចំនួន ៣០រូបទៀត។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ។

បន្ទាប់ពី ឯកឧត្តម អភិបាលខេត្ត ប្រកាសប្តេជ្ញាចិត្ត, ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមបណ្តារាជធានី-ខេត្ត, ក្រុង- ស្រុក និងសាខាសមាគមឃុំ-សង្កាត់ ដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកចិត្តជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម។

ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំសមាគមនាពេលនេះ គឺផ្នែកមួយនៃកិច្ចការងាររបស់សមាគម ដើម្បីធានាថា រចនាសម្ព័ន្ធការងារនៅតាមបណ្ដាខេត្តនានា មានភាពរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួល និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តនីមួយៗ ឲ្យទទួលបាននូវគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ 

ឯកឧត្តម គន់ គីម ថ្លែងថា អស់រយៈពេលជាង១៨ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគិតគូរ និងដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តជន រាប់តាំងពីពេលនៅជាមន្រ្តីរាជការ រហូតដល់ពេលចូលនិវត្តន៍។ 

ឯកឧត្តម គន់ គីម បានថ្លែងបន្តទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគម ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ដោយការចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន ដើម្បីឈ្វែងយល់ពីសុខទុក្ខ និងការលំបាក, ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ 

នាឱកាសនោះ ឯកឧត្តម គន់ គីម គូសបញ្ជាក់ថា គោលបំណងចំបងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនាជាតិ និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។

ចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕