ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៦ របសមន្ទីរប្រឆាំងគ្រឿងញៀន

រាជធានីភំ្នពេញ ៖ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ ទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ និងមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានណែនាំមន្រ្តីនៃមន្ទីប្រឆាំងបទល្មើសគ្រឿង ត្រូវបន្តការងារប្រចាំថ្ងៃរបស់ខ្លួន បង្កើនការស្រាវជ្រាវ បង្ក្រាបបទល្មើសនៅតាមទីតាំងដូចជា ក្លិបកំសាន្ត ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ និងតាមតំបន់មិនរៀបរយមួយចំនួន សំដៅលុបបំបាត់តំបន់ចែកចាយគ្រឿងញៀន។ ត្រូវពង្រឹងកិច្ចសហការជាតិ និងអន្តរជាតិ ក្នុងការចែករំលែកព័ត៌មាន និងប្រតិបត្តិការរួម ដោយត្រូវពិនិត្យមើលលំហូរឯកសារ នឹងត្រូវបែងចែកការងារអាទិភាព មិនត្រូវទុកឲ្យនៅដក់សល់យូរឡើយ។
បន្ថែមពីលើនេះ ឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានក្រើនរំលឹក មន្រ្តីទាំងអស់ ត្រូវបង្កើនការអប់រំ រំលឹកដល់មន្ត្រីអនុវត្តច្បាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ និងនីតិវិធីច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត មន្រ្តីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មិនត្រូវមានការជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗជាពិសេសបទល្មើសអនឡាញ(Online Scams) ជាដាច់ខាត។

ដើម្បីសម្រេចបានលទ្ធផលល្អបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើការប្រមូលព័ត៌មានសម្ងាត់ ការអនុវត្តប្រតិបត្តិការតាមគោលដៅ និងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ៕