ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំនាយនគរបាល នៃស្នងការដ្ឋានតាមបណ្តារាជធានី-ខេត្តទាំង២៥ ចូលរួមក្នុងកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន កម្ពុជា-វៀតណាម

សៀមរាប៖ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ  និងតំណាងស្នងការនគបាលតាមបណ្តារាជធានី-ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ បីអង្គភាព លើកទី៥ រវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា, នាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិវៀតណាម ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់ប្រសិទ្ធិភាពកិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ដែលកិច្ចប្រជុំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងសៀមរាប ខេត្តសៀមរាប ។ 

ថ្លែងបើកកិច្ចប្រជុំលើកទី៥ ស្តីពីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ឯក  ឃឹង សារ៉ាត់  នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍ថ្លែងនូវក្តីសោមនស្សរីករាយជាអនេក និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានររបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ់ ប្រធានគណៈប្រតិភូនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ វៀតណាម និងលោកវរសេនីយ៍ឯក ហ្វ័ង តាំហ៊ីវ​ប្រធានគណៈប្រតិភូតតម្រូតស៊ើបអង្កេតបទស្មើសគ្រឿងញៀននៃក្រសួងនគរបាលវៀតណាម និងគណប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំលើកទី៥ ស្តីពី កិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ។

ឯកឧត្តម ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានប្រសាសន៍បន្ថែមថា ប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានទទួលរងនូវវិបត្តិធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះធម្មជាតិ និង បញ្ហាសង្គ្រាមនៅបណ្តាប្រទេសមួយចំនួនក្តី ក៏បញ្ហាទាំងនេះមិនបានបង្អាក់ចំពោះដំណើរការប្រព្រឹត្តបទល្មើសគ្រឿងញៀននៃក្រុមឧក្រឹដ្ឋជននោះឡើយ ផ្ទុយទៅវិញក្រុមឧក្រឹដ្ឋជនទាំងនោះបានឆ្លៀតឱកាសបង្កើនសកម្មភាពលួចកែច្នៃ ផលិត និងចរចរគ្រឿងញៀនកាន់តែសកម្ម និងមានបរិមាណកាន់តែច្រើននៅ ទូទាំងតំបន់ និងពិភពលោក ។ ដើម្បីឆ្លើយតបនឹង ស្ថានភាពនេះរាជរដ្ឋាភិបាលកម្ពុជាកាន់តែពង្រឹង និងផ្តោតការយកចិត្តទុកដាក់ថែមទៀត តាមរយៈការបន្តដាក់ ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបន្ត បន្ទាប់ ដែលមកដល់ឆ្នាំនេះ យើងឈានដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០។

ជាលទ្ធផលតាមរយៈការខិតខំប្រឹងប្រែងអនុវត្តន៍ពីសំណាក់ អង្គភាពអនុវត្តច្បាប់ទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាធ្វើការ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៦.៩១៤ករណី ចាប់ខ្លួនជនសង្ស័យ សរុប ចំនួន ១៧.៤០៦នាក់ រឹបអូសគ្រឿងញៀនច្រើនប្រភេទ បានចំនួន ៧តោន ៥០៩គីឡូក្រាម និងសារធាតុគីមីផ្សំចំនួន ៤៨ តោន ៣៦០គីឡូក្រាម ។

ជាមួយនឹងលទ្ធផលនៃការងារអនុវត្តច្បាប់នេះ កម្ពុជាក៏បានយកចិត្តទុកដាក់ ក្នុងការងារផ្សព្វផ្សាយ អប់រំ និងការងារព្យាបាល ស្តារនីតិសម្បទាផងដែរ ដោយបានធ្វើការផ្សព្វផ្សាយ អប់រំតាមវិធីផ្សេងៗ ដែលបានបញ្ជូលសារអប់រំប្រមាណ ៣.៩៨៣.៥០០ ដល់ពលរដ្ឋដែលកំពុងប្រឈម និងធ្វើការគ្រប់គ្រង និងព្យាបាលអ្នកប្រើ គ្រឿងញៀនបានចំនួន ២៣.០៤៦ នាក់ ។

ឯកឧត្តមក៏បានបញ្ជាក់ទៀតថា តាមរយៈនៃលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក នោះក៏ដោយសារមានការចូលរួមក្នុងកិច្ចសហការ ជួយគាំទ្រទាំងបច្ចេកទេស មធ្យោបាយ សម្ភារជំនាញ និងបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនកម្ពុជា ពីក្រសួងនគរបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលតែង ផ្តល់នូវកិច្ចសហការ និងគាំទ្រជារៀងរហូតមក ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ់ ប្រធានគណៈប្រតិភូនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ វៀតណាម បានសម្តែងការអរគុណ និងវាយតម្លៃខ្ពស់ ព្រមទាំងធ្វើការកោតសរសើរដល់ភាគីកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់នាពេលកន្លងមករវាងកម្ពុជា-វៀតណាម។

លោកវរសេនីយ៍ឯក ហ្វ័ង តាំហ៊ីវ ប្រធានគណៈប្រតិភូនាយកដ្ឋានតម្រូតស៊ើបអង្កេតបទស្មើសគ្រឿងញៀននៃក្រសួងនគរបាលវៀតណាម ក៏បានលើកឡើងដែលថា កិច្ចប្រជុំនាពេលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពី ការប្តេជ្ញាចិត្តដ៏មុតមាំ និង ចំណងមិត្តភាពដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ស្ថាប័នពាក់ព័ន្ធយើង ក្នុងបុព្វហេតុរួមគ្នាមួយ គឺការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ដែលជាគំរាមកំហែងដល់សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនយើងទាំងពីរ។

កិច្ចប្រជុំលើកទី៥នេះ គឺជាឱកាសដ៏សំខាន់សម្រាប់វាយតម្លៃ លទ្ធផលការងារដែលសម្រេចបានកន្លងមក តាំងពីកិច្ចប្រជុំលើកទី៤ និងការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ថ្មីៗ អំពីស្ថានភាព និងនិន្នាការនៃបទល្មើសគ្រឿងញៀន ដែលកំពុងវិវត្តយ៉ាងស្មុគស្មាញ ជាពិសេសតាមបណ្តោយព្រំដែន និងតាមបណ្តាញអនឡាញ ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា ដោយឈរលើមូលដ្ឋាននៃ ការទុកចិត្តគ្នា និង ការសហការគ្នាយ៉ាងស្អិតរមួត កិច្ចប្រជុំលើកទី៥នេះ នឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងអាចពង្រឹងប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើង ឲ្យកាន់តែមានភាពសកម្ម និងស៊ីជម្រៅថែមទៀត។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសស្និតស្នាល មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ និងការ យោគយល់គ្នាទៅវិញទៅមក បង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់ភាគីទាំងបី ក្នុងការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន សំដៅរក្សាស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែន និង រួមចំណែក ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរ។ ភាគីទាំងបីបានដំណើរការផ្លាស់ប្តូរ ព័ត៌មានអំពីសភាពការណ៍ លទ្ធផលតស៊ូប្រឆាំងបទល្មើសគ្រឿងញៀននៅភូមិសាស្ត្រជាប់ព្រំដែនប្រទេស ទាំងពីរ វាយតម្លៃលទ្ធផលសហប្រតិបត្តិការ រវាងភាគីនីមួយៗក្នុងរយៈពេលកន្លងមក។ 

ឈរលើមូលដ្ឋាននៃលទ្ធផលផ្លាស់ប្តូរយោបល់នៅក្នុងកិច្ចប្រជុំ សំដៅបន្តលើកកម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀននៅតំបន់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែ ជាក់ស្តែង ស៊ីជម្រៅ និងទទួលបាននូវប្រសិទ្ធភាពខ្ពស់ ភាគីទាំងបី បានពិភាក្សា និងឯកភាពលើកទិសដៅ សហប្រតិបត្តិការក្នុងពេលខាងមុខ រួមមាន៖ 

១. លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានអំពីស្ថានការណ៍បទល្មើសគ្រឿងញៀនពាក់ព័ន្ធនឹងប្រទេស ទាំងពីរកម្ពុជា – វៀតណាម តាមរយៈ “បណ្តាញទាន់ហេតុការណ៍” ភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរព័ត៌មាន តាមរយៈការិយាល័យទំនាក់ទំនងព្រំដែន(BLO) តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ បន្តរក្សាកិច្ចប្រជុំ ប្តូរវេនជាប្រចាំតាមយន្តការដែលមានស្រាប់រវាងបណ្តាមូលដ្ឋានជាប់ព្រំដែន។ 

២. ភាគីទាំងបីបន្តសហការអនុវត្តបណ្តាសកម្មភាពផ្សព្វផ្សាយ សំដៅលើកកម្ពស់ការយល់ ដឹងរបស់ប្រជាពលរដ្ឋទាំងសង្ខាង អំពីច្បាប់ នៃប្រទេសនីមួយៗ ផលប៉ះពាល់ និងគ្រោះថ្នាក់ ផល អវិជ្ជមានរបស់គ្រឿងញៀន ជាពិសេសនៅតាមបណ្តាមូលដ្ឋានសំខាន់ និងតំបន់ព្រំដែននៃប្រទេសទាំងពីរ។ បំផុសចលនាប្រជាជនចូលរួមយ៉ាងសកម្ម សហការគាំទ្រដល់កងកម្លាំងមានសមត្ថកិច្ចក្នុងបណ្តាយុទ្ធនាការ ផ្សព្វផ្សាយ ឃោសនា វាយលុក និងបង្ក្រាបបទល្មើសគ្រឿងញៀន និងចូលរួមយ៉ាងសកម្មប្រឆាំង ចំពោះឧក្រិដ្ឋកម្មនេះ ក្នុងគោលបំណងកសាងតំបន់ព្រំដែនគ្មានគ្រឿងញៀន។ 

៣. ភាគីទាំងបីបង្កើនការជួយគ្នាទៅវិញទៅមក ដើម្បីអនុវត្តរាល់សកម្មភាពជំនាញ ស៊ើបអង្កេត ឃាត់ខ្លួនមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀន បង្កើតគណៈករណីរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងខ្សែ បណ្តាញប្រព្រឹត្តបទល្មើសគ្រឿងញៀន និងសកម្មភាពសម្អាតប្រាក់ពាក់ព័ន្ធនឹងគ្រឿងញៀន។ នៅពេលទទួល បានសំណើ ភាគីដែលត្រូវទទួលបានសំណើ ត្រូវរាយការណ៍ជាបន្ទាន់ជូនថ្នាក់ដឹកនាំ ដែលមានសមត្ថកិច្ច និង សហការជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ សំដៅអនុវត្តឱ្យមានប្រសិទ្ធភាពតាមអនុស្សារណៈ រវាង រដ្ឋាភិបាល នៃប្រទេសទាំងពីស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងសារធាតុប៉ះពាល់ប្រព័ន្ធសសៃប្រសាទ និង សារធាតុគីមីផ្សំ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៩៨។ ទន្ទឹមនឹងនេះ អនុវត្តឱ្យ បានទាន់ពេលវេលា សហការស្រាវជ្រាវ ស្វែងរកចាប់ខ្លួន និងប្រគល់តាមនីតិវិធី នូវមុខសញ្ញាប្រព្រឹត្តបទល្មើស គ្រឿងញៀន និងមុខសញ្ញាស្វែងរកចាប់តាមដីកា ដែលបានគេចលាក់ខ្លួន។ 

៤. សិក្សា និងចាត់តាំងក្រុមការងារប្រចាំការរបស់ភាគីនីមួយៗទៅប្រទេសសាមី ដើម្បី សហការ និងអនុវត្តសកម្មភាពស៊ើបអង្កេតស្របទៅតាមច្បាប់របស់ប្រទេសនីមួយៗ ដើម្បីប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ បោសសម្អាតទាំងស្រុងនូវខ្សែបណ្តាញគ្រឿងញៀនខុសច្បាប់ រួមចំណែកកាត់បន្ថយបទល្មើស គ្រោះថ្នាក់ដោយសារគ្រឿងញៀននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ 

៥. គ្រប់គ្រងឱ្យបានហ្មត់ចត់ ចំពោះបណ្តាសហគ្រាសធ្វើអាជីវកម្មនាំចេញនាំចូលសារ ធាតុញៀន និងគីមីផ្សំឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម មិនអោយឱ្យយកសារធាតុ គីមីផ្សំទៅផលិតសារធាតុញៀនខុសច្បាប់។ បង្កើនការត្រួតពិនិត្យជិតដល់តាមបណ្តាតំបន់ព្រំដែន ច្រក ទ្វារព្រំដែន ផ្លូវគោក ផ្លូវសមុទ្រ ផ្លូវអាកាស ផ្លូវទន្លេ ទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនូវការជួញដូរ ដឹកជញ្ជូនគ្រឿង ញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។

៦. គាំទ្រលើកកម្ពស់សមត្ថភាព ចំណេះដឹងដល់មន្ត្រីជំនាញយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន រៀបចំបណ្តាប្រតិភូទស្សនកិច្ចស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកអំពីការងារបង្ការ និងប្រឆាំង បទល្មើសគ្រឿងញៀន រៀបចំបូកសរុបករណីរឿងធំៗរបស់ភាគីទាំងបីដែលបានសហការតស៊ូ បង្ក្រាប លើកទឹកចិត្តទាន់ពេលវេលា ការលើកសរសើរចំពោះសមូហភាព បុគ្គលដែលមានស្នាដៃល្អប្រសើរក្នុងការងារ សហការតស៊ូ បង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ 

៧. ភាគីទាំងបី បន្តរក្សាកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ សំដៅផ្លាស់ប្តូរសភាពការណ៍ វាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាផ្សេងៗ ដែលនៅសេសសល់ក្នុងការងារសហការបង្ការ ទប់ស្កាត់ ប្រឆាំងបទល្មើសគ្រឿងញៀនពាក់ព័ន្ធនឹងប្រទេសទាំងពីរ។ ភាគីទាំងបី ឯកភាពគ្នា៖ នាយកដ្ឋានតម្រួត ស៊ើបអង្កេតបទល្មើសគ្រឿងញៀន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងរៀបចំកិច្ចប្រជុំលើកទី៦ ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះកាលបរិច្ឆេទ និង ទីកន្លែងជាក់ស្តែង នឹងជម្រាបជូនជាលាយលក្ខណ៍នៅពេលក្រោយ។

ក្នុងនាមមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានធ្វើការបញ្ជាក់ជាថ្មីទៀតថា យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ លទ្ធភាពថែមទៀតក្នុងការពង្រឹង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង អង្គភាពទាំងបីនៃប្រទេសយើងទាំងពីរ ក្នុងការរួមគ្នាប្រយុទ្ធឆាំងគ្រឿងញៀន ឆ្លងដែនខុសច្បាប់តាមតំបន់ព្រំដែននៃប្រទេសយើងទាំងពីរ ដើម្បីបង្កើននូវ ប្រសិទ្ធភាព និងភាពជឿជាក់គ្នាទៅវិញទៅមកបន្ថែមទៀត ជាពិសេសការយកចិត្តទុកដាក់ក្នុងអនុវត្តនូវខ្លឹមសារ នៃកំណត់ហេតុប្រជុំក្នុងថ្ងៃនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ តាមរយៈលទ្ធផល នៃកិច្ចប្រជុំលើកនេះ ឯកឧត្តម សង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការ ស្តីពីកិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសយើងទាំងពីរ នឹងកាន់ តែមានភាពរឹងមាំ រីកចម្រើន និងទទួលបាននូវប្រសិទ្ធភាពមួយកម្រិតថែមទៀត។