ឯកឧត្ដម ឃឹង សារ៉ាត់ បានសង្កត់ធ្ងន់ថា កុដិកំពស់២ជាន់ ដែលមានទំហំ ១២ម៉ែត្រ គុណនឹង ៣ម៉ែត្រ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើគ្មានការចូលរួមចំណែកពីពុទ្ធបរិស័ទ ប៉ុន្តែក៏មិនអាចមើលរំលងពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយឡើយ។ “មានសន្តិភាព ទើបមានការអភិវឌ្ឍន៍” នេះគឺជាចំណុចគន្លឹះដែលបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា កសាងសមិទ្ធផលនានាឱ្យចេញជារូបរាង។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងឱកាសអញ្ជើជាអធិបតី ពិធីសម្ពោធកុដិដ៏ស្រស់ស្អាតមួយខ្នង ដែលមានកម្ពស់ ២ជាន់ ទំហំ ១២គុណ១៣ម៉ែត្រ ស្ថិតនៅវត្តឱង្ការាម ឋិតក្នុងភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ សម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលដ៏ថ្លៃថ្លាក្នុងពេលនេះ សមិទ្ធផលទាំងនេះនឹងបម្រើដល់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ព្រះសង្ឃគង់នៅ និងជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជួបជុំគ្នាធ្វើបុណ្យកុសលតាមរយៈការប្រារព្ធពិធីសាសនាផ្សេងៗ។
ឯកឧត្ដមបានគូសបញ្ជាក់ថា៖ “ស្របពេលដែលវិស័យអាណាចក្រ កំពុងតែបោះជំហានរីកចម្រើន ស្របពេលជាមួយគ្នាវិស័យពុទ្ធចក្រក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរផងដែរ” ក្នុងនោះ ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស។
ឯកឧត្ដមបានលើកឡើងពីកត្តាសន្តិភាពដែលរកបានយ៉ាងលំបាក ជាពិសេសការលះបង់ដ៏ធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលធ្វើឱ្យកម្ពុជានឹងបន្តរីកចម្រើនទៅមុខឥតឈប់ឈរ។ សមិទ្ធផលទាំងនោះបាននិងកំពុងបម្រើផលប្រយោជន៍ជូនដល់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ រស់នៅក្រោមដំបូលនៃសន្តិភាព សេរីភាព និងភាពសំបូរសប្បាយរុងរឿង។
ឈ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៨៩គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកដោះគោ១យួរ និងយាយជីតាជីចំនួន៣០នាក់ ម្នាក់ៗទទួលបានក្រណាត់ ស១ដុំ ថវិកា១ចំនួន ដែលចំណាយថវិកាសរុបអស់ប្រមាណជាង១ម៉ឺនដុល្លាអាមេរិក ជាពិសេសឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ ជួយសង់ថ្លៃសាងសង់កុដិដែលនៅខ្វះចំនួន២ម៉ឺន១ពាន់៥រយដុល្លាបន្ថែម និងបានកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការកុដិកំពស់២ជាន់ ដែលមានទំហំ១២ម៉ែត្រ គុណនឹង ១៣ម៉ែត្រ ជូនដល់ព្រះសង្ឃគង់នៅវត្តឱង្ការាម ចាប់ពីថ្ងៃនេះតទៅ។